សម្តេចប៉ាបអធិដ្ឋានជូនជនរងគ្រោះដោយសារសង្រ្គាមនិងអំពើហិង្សា
នៅចុងបញ្ចប់នៃកម្មវិធីអប់រំជំនឿកាលពីថ្ងៃពុធសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយកពេលវេលាអធិដ្ឋានជូនអស់ជនរងគ្រោះដោយសារតែសង្រ្គាម និងអំពើហិង្សា នៅគ្រប់កន្លែងជាពិសេសគឺនៅប៉ាឡេស្ទីន អ៊ីស្រាអែល និង នៅអ៊ុយក្រែន។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបនៅតែបន្តធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សុំអោយគ្រប់គ្នាបន្តរិះគិតរកផ្លូវក៏ដូចជាមធ្យោបាយដើម្បីធ្វើយ៉ាងណាបញ្ចប់សង្រ្គាមនៅដែនដីពិសិដ្ឋ និងអ៊ុយក្រែនដែលនៅតែបន្តផ្ទុះក្តៅគគុក ។
សម្តេចប៉ាបក៏បានមានបន្ទូលស្នើអោយគ្រិស្តបរិស័ទទាំងអស់ចូលរួមជាមួយនឹងទ្រង់ ដោយសង្កត់ធ្ងន់ថា ៖ «សូមកុំភ្លេចអធិស្ឋានឲ្យអស់អ្នកដែលទទួលរងផលវិបាកដ៏អាក្រក់នៃអំពើហិង្សា និងសង្គ្រាម។ សូមឱ្យយើងអធិស្ឋានជាពិសេសសម្រាប់ទុក្ករបុគ្គលអ៊ុយក្រែន និងសម្រាប់ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល។ សង្គ្រាមគឺជាអំពើអាក្រក់ សូមឲ្យយើងអធិស្ឋានសុំឲ្យមានការបញ្ចប់សង្គ្រាម»។
មកដល់ពេលនេះសង្រ្គាមរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនៅតែបន្តក្តៅគគុក ខណៈដែល កម្លាំងយោធាអ៊ីស្រាអែលបានចូលលុកលុយនិងធ្វើការបោសសំអាតម្តងមួយជំហានៗនៅតំបន់ហ្គាហ្សា ដោយឡែកនៅអ៊ុយក្រែនឯណោះវិញគឺខាងអ៊ុយក្រែនបានបើកការវាយប្រហារ លើតំបន់គ្រីមៀដែលរុស្ស៊ីកាត់យក៕