សម្តេចប៉ាបឡេអូនឹងយាងបំពេញទស្សនកិច្ចនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉េរូ នៅខែវិច្ឆិកា
ការិយាល័យព័ត៌មានរបស់សន្តអាសនៈ បានប្រកាសថា សម្តេចប៉ាបឡេអូ ទី១៤ នឹងយាងទៅកាន់ប្រទេសអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉េរូ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
វ៉ាទីកង់ញូវ (Vatican News) បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះនឹងជាដំណើរទស្សនកិច្ចអន្តរជាតិលើកទី៦ របស់សម្តេចប៉ាប ចាប់តាំងពីទ្រង់ត្រូវបានជ្រើសតាំងជាសម្តេចប៉ាបមក។
ប្រភពដដែលបានអះអាងថា ទ្រង់នឹងយាងទៅកាន់ទីក្រុងម៉ុនតេវីដេអូ (Montevideo) ក្រុងផេសានឌូ (Paysandú) និងក្រុងផ្លរីដា (Florida) ក្នុងប្រទេសអ៊ុយរូហ្គាយ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា; ទីក្រុងប៊ូណូសអ៊ែរ៉េស (Buenos Aires) ក្រុងខដូបា (Córdoba) និងក្រុងលូចាន (Luján) ក្នុងប្រទេសអាហ្សង់ទីន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា; និងទីក្រុងលីម៉ា (Lima) ក្រុងជីក្លាយ៉ូ (Chiclayo) ក្រុងខូស្កូ (Cusco) និងក្រុងពូកាលប៉ា (Pucallpa) ក្នុងប្រទេសប៉េរូ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។
ប្រភពដដែលបានបន្តថា កម្មវិធីលម្អិតនៃដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប នឹងត្រូវចេញផ្សាយនៅពេលក្រោយ។
មកដល់ពេលនេះ គេដឹងថាប្រទេសអ៊ុយរូហ្គាយមានសមាមាត្រតូចបំផុតនៃអ្នកកាន់សាសនាកាតូលិកនៅអាមេរិកឡាទីន ដោយអ្នកកាន់សាសនាកាតូលិកមានចំនួនប្រហែល ៣៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេស។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្សង់ទីននឹងមានសារៈសំខាន់ជាពិសេស ព្រោះវាជាស្រុកកំណើតរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលទើបតែបានសោយទីវង្គត។ ទោះបីជាបានបម្រើការជាសម្តេចប៉ាបអស់រយៈពេល ១២ ឆ្នាំក៏ដោយ សម្តេចប៉ាបដែលកើតនៅទីក្រុងប៊ូណូសអ៊ែរ៉េសទ្រង់មិនដែលមានពេលវេលាធ្វើដំណើរទៅប្រទេសកំណើតរបស់ទ្រង់វិញឡើយ ក្នុងអំឡុងពេលដែលទ្រង់កាន់តំណែងជាសម្តេចប៉ាប។
ប្រទេសប៉េរូក៏មានសារៈសំខាន់ជាពិសេសសម្រាប់សម្តេចប៉ាបឡេអូផងដែរ ពីព្រោះថាទីនោះគឺជាកន្លែងដែលទ្រង់បានមកដល់ជាលើកដំបូងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនានៅទសវត្សរ៍ឆ្នាំ១៩៨០ រហូតក្លាយជាពលរដ្ឋប៉េរូ។
