សម្តេចប៉ាបឡេអូទី១៤ចង់ឲ្យភាពសាមញ្ញក្លាយជារចនាបទនៃព្រះសហគមន៍
នៅពេលដែលទ្រង់យាងរៀបចំពិធីអំណរសប្បាយថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រជាមួយនឹងបុគ្គលិកនានានៅសន្តអាសនៈ សម្តេចប៉ាបឡេអូបានលើកទឹកចិត្តក្រុមមន្រ្តីបម្រើការនៅសន្តអាសនៈនាបុរីវ៉ាទីកង់ទាំងអស់រក្សាចរិករាបសារនិងសាមញ្ញ ពោលគឺទ្រង់ចង់ឲ្យព្រះសហគមន៍កាតូលិកប្រកាន់យកឥរិយាបទនេះជារចនាបទនៃទំនាក់ទំនងនៅសន្តអាសនៈតែម្តង ។
មានបន្ទូលទៅកាន់ក្រុមបុគ្គលិកសន្តអាសនៈនៅបុរីវ៉ាទីកង់ សម្តេចប៉ាបឡេអូបានថ្លែងអំណរគុណដល់អ្នកដែលមានវត្តមាន ហើយបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយលើកឡើងថា ពួកគេបានបំពេញការងារនិងការទទួលខុសត្រូវដ៏អស្ចារ្យ ប៉ុន្តែកុំភ្លេចភាពរាបសារនិងការទទួលខុសត្រូវ ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្ថែមទៀតថា នៅពេលដែលពួកគេទៅផ្ទះវិញ ទ្រង់បានផ្ញើក្តីនឹករលឹកដល់មនុស្សជាទីស្រឡាញ់របស់ពួកគេនៅផ្ទះ ជាពិសេសចំពោះមនុស្សចាស់ និងអ្នកជំងឺថា សម្តេចប៉ាបកំពុងអធិស្ឋានសម្រាប់ពួកគេ៕