សម្តេចប៉ាបយាងមកដល់ឥណ្ឌូណេស៊ីក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ បាន​យាង​មក​ដល់​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​អង្គារ៍ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាស៊ីនិងអូសេអានី។

ការយាងមកដល់របស់សម្តេចប៉ាបនៅអាកាសយានដ្ឋានអន្តរជាតិ សូកាណូ ហាតា ( Soekarno-Hatta) ក្នុងទីក្រុង តានជេរ៉ាង ( Tangerang ) កាលពី ម៉ោងប្រហែល ១១និង៣០នាទី ព្រឹកបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំឥណ្ឌូនេស៊ី និងសាធារណជន។

លោកប្រធានាធិបតី ចូកូ វីដូដូ បាន​ថ្លែង​ថា​ ក្នុង​នាម​ប្រជាជន​ឥណ្ឌូណេស៊ី «ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​ទទួល​ស្វាគមន៍​សម្តេច​ប៉ាប មក​ប្រទេស​របស់​យើង​។»

លោកបានបញ្ជាក់ថា"ឥណ្ឌូណេស៊ី និងបុរីវ៉ាទីកង់ចែករំលែកការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការចិញ្ចឹមបីបាច់សន្តិភាព ភាតរភាព និងសុខុមាលភាពរបស់ប្រជាជនទាំងអស់។ ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃនេះរបស់សម្តេចប៉ាបជា ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសន្ទនាអន្តរជំនឿនៅក្នុងប្រទេសរបស់យើង"។

វត្តមានរបស់សម្តេចប៉ាបនៅអាកាសយានដ្ឋានត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ី លោក យ៉ាកុប ចូលីល គូម៉ាស​( Yaqut Cholil Qoumas)។

លោកបានប្រាប់អ្នកសារព័ត៌មានថា សម្តេចប៉ាបបានយាងមកដល់នៅក្នុងស្ថានភាពដ៏សាមញ្ញ ទ្រង់ ជាគំរូដល់ភាពជាអ្នកដឹកនាំមិនត្រឹមតែជាឥស្សរជនសាសនាប៉ុណ្ណោះទេ ថែមទាំងជាប្រមុខរដ្ឋទៀតផង។ ការជ្រើសរើសយានជំនិះដ៏រាបទាបរបស់ទ្រង់ពីអាកាសយានដ្ឋានទៅកាន់ទីក្រុងហ្សាកាតា គឺជាការបង្ហាញដ៏មានឥទ្ធិពលនៃតម្លៃរបស់ទ្រង់"។

លោករដ្ឋមន្ត្រីបានបន្ថែមថា ភាពថ្លៃថ្នូររបស់សម្តេចប៉ាប គឺជាចរិតមួយដែលមេដឹកនាំទាំងអស់គួរប្រាថ្នាចង់បាន។ "តាមរយៈការជ្រើសរើសភាពសាមញ្ញ គាត់ធ្វើជាគំរូដល់អ្នកដទៃ។ ចំណូលចិត្តរបស់គាត់ចំពោះមធ្យោបាយធ្វើដំណើរដ៏សាមញ្ញគឺជាអ្វីដែលយើងទាំងអស់គ្នាគួរកោតសរសើរ និងធ្វើតាម"។

ការធ្វើដំណើររបស់សម្តេចប៉ាបឆ្លងកាត់ទីក្រុងហ្សាកាតាត្រូវបានអមដោយវិធានការសន្តិសុខដែលមានកម្រិតខ្ពស់ ដោយធានាសុវត្ថិភាពរបស់ទ្រង់ជាមួយនឹងកម្រិតនៃការការពារស្រដៀងទៅនឹងប្រមុខរដ្ឋ។

ដំណើរទស្សនកិច្ចរបស់សម្តេចប៉ាប ស ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងក្លាយជាពេលវេលាដ៏សំខាន់មួយ ក្នុងការជំរុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្នុងចំណោមសហគមន៍សាសនាចម្រុះនៅក្នុងប្រទេស៕

Daily Program

Livesteam thumbnail