សម្តេចប៉ាបផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានផ្ញើសាររំលែកទុក្ខដល់លោក អាយ៉ាតូឡា សាយេត អាលី ហ៊ូសេននី ខាមេនី (Ayatollah Sayyed Ali Hosseini Khamenei) មេដឹកនាំកំពូលនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចំពោះមរណភាពរបស់ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស ដែលបានទទួលមរណភា​ពនៅក្នុងឧបតិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងថ្មីៗនេះ។

សម្តេចប៉ាប បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi ) នៃប្រទេសអ៊ីរ៉ង់ និង រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហូសេន អាមៀ អាប់ឌុលឡាហាន (Hossein Amir-Abdollahian) ព្រមទាំងអ្នកដែលបានស្លា​ប់​នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី ១៩ ខែឧសភា។​

ការិយាល័យព័ត៌មានសន្តអាសនៈបានបោះពុម្ពផ្សាយអត្ថបទនៃតេឡេក្រាម ដែលសម្តេចប៉ាប សរសេរថា «សូមឲ្យវិញ្ញាណក្ខន្ធនៃអ្នកស្លាប់ទៅកាន់សេចក្តីមេត្តាករុណារបស់ព្រះដ៏មានម​ហិទ្ធិឫទ្ធិ និងសូមបួងសួងដល់អស់អ្នកដែលកាន់ទុក្ខចំពោះការបាត់បង់របស់ពួកគេ ជាពិសេសក្រុមគ្រួសាររបស់ពួកគេ»

លោកប្រធានាធិបតី និងក្រុមការងារ របស់គាត់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅតំ​បន់ភ្នំនៃភាគពាយព្យនៃប្រទេស បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាង អាហ្សែបៃហ្សង់ ជាកន្លែងដែលពួកគេទើបតែបានជួបជាមួយសមភាគីរបស់លោករួច៕

Daily Program

Livesteam thumbnail