សម្តេចតេជោ ហ៊ុន សែន ​ជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង តាមរយៈប្រព័ន្ធវីដេអូ

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹ​ទ្ធសភា បានជួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ លោក មីន អោងឡាំង (Min Aung Hlaing )  ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។

យោងតាម​ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសំដែងក្តីរីករាយដែលបានជួប លោកមីន អោងឡាំង សាជាថ្មី និងអរគុណចំពោះសារអបអ​រសាទរ​​របស់​លោក​សម្រាប់​សម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។

សម្តេចបានលើកឡើងថា ៖ «កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា»។

ឆ្លៀតក្នុងឱកាសនោះដែរ​ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យលោក មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកស្រី​អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជា​ច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន។

ក្នុង​ជំនួបនេះដែរ លោក មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោកក៏បាន​វាយតម្លៃខ្ពស់នៃការចូលរួ​មរបស់សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បាន​លើកឡើងដោយ​បញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រ​មព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែ​ងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំ​ណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប លោក មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរ​បស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត។

លោកបានបន្តថា លោកនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុ​ខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោ​តមួយដែលសេរី យុត្តិធម៌ និងមានតម្លាភាព។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិប្បធម៌ និងកីឡា៕​

Daily Program

Livesteam thumbnail