សម្តេចតេជោ ហ៊ុន សែន នៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ពេលសម្តេចឡើងជាប្រធានព្រឹទ្ធសភា
សម្តេចតេជោ បានថ្លែងបញ្ជាក់ថា នៅពេលសម្តេច ឡើងធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងនៅតែបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសសម្ដេចបានអនុញ្ញាតឱ្យលោក អឺអិណុ អាហ្សឺហ្ស៉ី ( UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងរីករាយយ៉ាងខ្លាំង ដែលសម្តេចតេជោ បានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតអោយលោក បានជួបសម្ដែងការគួរសមនៅពេលនេះ ហើយសង្ឃឹមថានឹងបានជួបជាមួយ សម្តេចតេជោ ជាបន្តបន្ទាប់ទៀតនៅពេល សម្តេចតេជោ ធ្វើជាប្រធានព្រឹទ្ធសភា។
ជាមួយគ្នានោះដែរ ឯកអគ្គរាជទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹមថាទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀតទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកឯកអគ្គរាជទូត ដែលបានឆ្លៀតពេលជួបសម្ដែងការគួរសម សម្តេច និងបានអបអរ សម្ដេចក្លាយជាប្រធានព្រឹទ្ធសភា។
ឆ្លៀតក្នុងឱកាសនេះ សម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះ សម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យកែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ។
សម្ដេចតេជោ ក៏បាន ថ្លែងអំណរគុណ ជប៉ុន ដែលបានរៀបចំអោយ សម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួប សម្តេច ទោះបីជា សម្តេច មិនមានតួនាទីជា នាយករដ្ឋមន្ត្រីក៏ដោយ។
សម្តេចតេជោ បានបញ្ជាក់ថា ៖ «នៅពេលដែលខ្ញុំធ្វើជាប្រធានព្រឹទ្ធសភា ខ្ញុំនឹងបន្តពង្រឹងពង្រីកទំនាក់ទំនងជាមួយជប៉ុនអោយកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ»៕