សមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជា លើកទឹកចិត្តពលរដ្ឋជជែកដោយស្មោះត្រង់រឿងបំណុល
ខណៈស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចសកល និងកម្ពុជា នៅតែបន្តភាពមិនច្បាស់លាស់ សមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជា បានលើកទឹកចិត្តដល់អតិថិជន បង្ហាញភាពស្មោះត្រង់ ជជែកផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញាវត្ថុពីបំណុលរបស់ខ្លួន ជៀសវាងកម្ចីក្រៅផ្លូវការ ឬកម្ចីអនឡាញ។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជា លោក កាំង តុងងី បានអោយដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ វិស័យមីក្រូហិរញ្ញាវត្ថុ មិនមានកំណើនអ្វីដែលគួរអោយកត់សម្គាល់នោះទេ ដោយសារតែបច្ចុប្បន្ននេះមានបញ្ហាប្រឈមសេដ្ឋកិច្ចនានា បន្សល់តាំងពីកូវីដ១៩ បញ្ហាថ្មីៗកើតឡើងជាបន្តបន្ទាប់។
លោកថា វាធ្វើអោយកំណើនសេដ្ឋកិច្ចកម្ពុជា មានភាពកើនឡើងយឺតយ៉ាវ ហើយទន្ទឹមនឹងនេះ វាធ្វើអោយចំណូលរបស់ប្រជាពលរដ្ឋធ្លាក់ចុះ។
អ្នកនាំពាក្យសមាគមដដែលនេះបានបន្តថា ដូចគ្នានេះទោះបីជាស្ថានភាពវិស័យមួយនេះនៅតែរក្សាស្ថានភាពធម្មតា តែឥណនទានដែលមានហានិភ័យ ឬឥណនទានដែលមានការសងយឺតលើសពី៣០ថ្ងៃ មានការកើនឡើងរហូតដល់ ៨ភាគរយ ដែលកម្រិតនេះមិនមានអ្វី គួរអោយភ្ញាក់ផ្អើលនោះទេ បើគិតតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះ។
លោក កាំង តុងងី បន្ថែមថា សមាគមមីក្រូហិរញ្ញាវត្ថុកម្ពុជា នៅតែបន្តតាមដានការវិវត្តនៃវិស័យនេះដោយយកចិត្តទុកដាក់។
លោកបញ្ជាក់ថា ៖ «យើងនៅតែសន្និដ្ឋានបានថា វិស័យមីក្រូហិរញ្ញាវត្ថុមួយនេះ នៅតែរក្សាបានស្ថានភាពល្អប្រសើរ ប៉ុន្តែនៅក្នុងស្ថានភាពដែលមានការប្រយ័ត្នប្រយែងខ្ពស់។ ការវាយតម្លៃឥណនទានអីជាដើមណឹង គឺគ្រឹះស្ថានមួយៗត្រូវធ្វើការពង្រឹងគុណភាពនៃការវាយតម្លៃ ព្រោះស្ថានភាពបច្ចុប្បន្នវាមិនដូចស្ថានភាពពីមុន នៅពេលដែលសេដ្ឋកិច្ចមានកំណើន»។
អាជីវករម្នាក់ក្នុងរាជធានីភ្នំពេញ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះបែបនេះ បានរុញអោយអាជីវកម្មរបស់គាត់ធ្លាក់ចុះ ជាហេតុធ្វើអោយចំណូលមានការធ្លាក់ចុះដូចគ្នា។
កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថាស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ទោះបីសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ក្របខ័ណ្ឌគតិយុត្ត, គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល។
ក្រសួងបញ្ជាក់ថា ៖ «ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរជាទីមោទនៈ ក្នុងរយៈកាលជាង ២ ទសវត្សរ៍កន្លងមក ព្រមទាំងបានធ្វើឱ្យកម្ពុជាអាចមានសមត្ថភាពកៀរគរឥណទានសម្បទានបានច្រើនជាងមុន សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានលើវិស័យអាទិភាពចំពោះមុខនានា សំដៅរួមចំណែកក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣»។
ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងមានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ឈានទៅរករបត់នៃកំណើនមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ ជាក់ស្តែង គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំជាង៨៤ពាន់លានដុល្លារ ស្មើនឹងជាង២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។
ចំណែកឥណទានអតិថិជនកើនដល់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជាង ៣លាន៨សែនគណនី។ ជាមួយគ្នានេះប្រាក់បញ្ញើបានកើនឡើងដល់ជិត៤៨ពាន់លានដុល្លារ ដែលមានប្រមាណជា១៨លាន៦សែនគណនីផងដែរ៕
អត្ថបទ៖ ផល សុផានិត