សន្តអាសនៈ៖ ការប្រើអាវុធរបស់ណាតូលើរុស្ស៊ីនាំឱ្យកើនកំដៅគ្រប់គ្រងលែងបាន

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់បានបង្ហាញពីក្តីបារម្ភជុំវិញការកើនឡើងកំដៅបន្ថែមទៀតនៅក្នុងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបញ្ជាក់ថា សន្តអាសនៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងការទូត ជាពិសេសដោះលែងកុមារអ៊ុយក្រែនដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅក្នុងប្រទេសរុស្ស៊ី។
លោកកាឌីណាល់បានព្រមានប្រឆាំងនឹងការអនុញ្ញាតឱ្យប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយអង្គការណាតូដោយអ៊ុយក្រែននៅក្នុងទឹកដីរុស្ស៊ី ដោយព្រមានថាវានឹងធ្វើឱ្យមាន «ការកើនឡើងនូវកំដៅ និងវិបត្តិដែលមិនអាចគ្រប់គ្រងបាន នៃជម្លោះ»។
លោកកាឌីណាល់បាននិយាយនៅក្នុងព្រឹត្តិការណ៍ បង្ហាញសៀវភៅស្តីពីធនាគារវ៉ាទីកង់នៅទីក្រុង Milan ប្រទេសអ៊ីតាលីថា «វាគឺជាការរំពឹងទុកដ៏គួរឱ្យរំខានមួយ»។
មកដល់ពេលនេះមានការពិភាក្សាកាន់តែផុលផុសជុំវិញការបើកខ្លួនឈានទៅរកការប្រើប្រាស់សព្វាវុធដែលផ្តល់ដោយសម្ព័ន្ធមិត្តលោកខាងលិចទៅអ៊ុយក្រែន ដើម្បីវាយប្រហារលើគោលដៅនានាក្នុងប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាដ៏ក្តៅគគុកក្នុងចំណោមសមាជិកណាតូ ជាពិសេសចាប់តាំងពីការវាយលុកថ្មីដែលធ្វើឡើងដោយរុស្ស៊ីនៅក្នុងតំបន់ ខាគៀវ (Kharkiv)។
ប្រធានាធិបតីអ៊ុយក្រែនលោក វូលូឌីមៀ ហ្សាឡេនស្គី បានជំរុញឱ្យណាតូបោះ ការិតត្បិតមួយចំនួនលើជំនួយយោធា ដើម្បីវាយបកឆ្លើយតបទៅនឹងការបង្កើនការលុកលុយ រយៈពេល ២៧ ខែរបស់រុស្ស៊ី។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូតេនប័ក ( Jens Stoltenberg) បានអំពាវនាវឱ្យសមាជិកនៃសម្ព័ន្ធភាពដកការរឹតបន្តឹង ដើម្បីអនុញ្ញាតឱ្យទីក្រុង គៀវ វាយប្រហារ «គោលដៅយោធាស្របច្បាប់» នៅក្នុងប្រទេសរុស្ស៊ី៕
Daily Program
