សន្តអាសនៈប្រកាសនូវគោលបំណងនៃការអធិដ្ឋានប្រចាំខែមិថុនា

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្វ្រង់ស៊ីស្កូបានប្រកាសចេញនូវកម្មវិធីអធិដ្ឋានប្រចាំខែមិថុនា ឆ្នាំ២០២៤របស់ទ្រង់ដោយផ្តោតសំខាន់នៅលើជីវិតរបស់ជនភៀសខ្លួនដែល រសាត់អណ្តែតចេញពីប្រទេសកំណើត។
តាមរយៈកម្មវិធីអធិដ្ឋានប្រចាំខែរបស់ទ្រង់ សម្តេចប៉ាបបានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទទាំងអស់ឲ្យអធិដ្ឋានទៅតាមវត្ថុបំណង ឬកម្មវិធីកំណត់របស់ទ្រង់ ពីព្រោះនៅក្នុងអំឡុងខែមិថុនានេះ គឺខែដែលអង្គការសហប្រជាជាតិត្រូវប្រារព្ធទិវាជនភៀសខ្លួនពិភពលោកនៅថ្ងៃទី២០ ខែមិថុនា។
សម្តេចប៉ាបបានមានបន្ទូលរំលឹកគ្រីស្តបរិស័ទថា ៖ «អ្នកណាដែលស្វាគមន៍ជនចំណាកស្រុកគឺដូចជាពួកគេកំពុងតែស្វាគមន៍ព្រះគ្រីស្ត»។
យោងតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា កាលពីឆ្នាំ២០២៣កន្លងទៅ ពិភពលោក មានមនុស្សរហូតដល់ទៅ ១១០ លាននាក់ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំនៅទូទាំងពិភពលោក។
នៅក្នុងសារជាវីដេអូ សម្តេចប៉ាបមានបន្ទូលថា ជាទូទៅគ្រប់ជនភៀសខ្លួនតែងតែមានអារម្មណ៍ហាក់បីដូចជាដើមឈើត្រូវបានគេដកឬសរំលើងគល់ ទៅកាន់កន្លែងថ្មី ដូច្នេះសូម ជួយយកឧស្សាហ៍ពួកគេ។
សម្តេចប៉ាបបានមានបន្ទូលឲ្យគ្រីស្តបរិស័ទលើកកម្ពស់វប្បធម៌សង្គម និងនយោបាយ ដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនចំណាកស្រុក។ នេះជាវប្បធម៌ដែលលើកកម្ពស់លទ្ធភាពដែលពួកគេអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ៕
Daily Program
