សន្តអាសនៈបន្តរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាលោកកាឌីណាល់នៅបុរីវ៉ាទីកង់
ក្រុមប្រឹក្សាលោកកាឌីណាល់នៃព្រះសហគមន៍កាតូលិកបានបើកសម័យប្រជុំរបស់ខ្លួនប្រចាំ ខែមេសាកាលពីដើមសប្តាហ៍កន្លងទៅ ក្រោយពេលដែលបានជួបជុំគ្នាចុងក្រោយកាលពីខែ កុម្ភៈ។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម័យប្រជុំលើកទី៩នេះ ត្រូវបានគេដឹងថា ឃើញមានវត្តមាន និងការចូលរួមដោយ ស្ត្រីបីនាក់ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយសម្តេចប៉ាបហ្រ្វង់ស៊ូស្កូ ដោយផ្តោតលើប្រធានបទនៃតួនាទីរបស់ស្ត្រីនៅក្នុងព្រះសហគមន៍។
តំណាងស្រ្តីដែលបានចូលរួមនៅក្នុងកិច្ចប្រជុំនេះគឺរួមមានបងស្រី លីនដា ប៉ូឆ័រ ( Linda Pocher ) តំណាងបងស្រីមកពីក្រុមសាឡេស៊ាននិងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ Pontifical of Educational Sciences Auxilium ក្នុងទីក្រុងរ៉ូម។ បងស្រី ជីលីវ៉ា ឌី បេរ៉ាឌីណូ (Giuliva Di Berardino) សមាជិកនៃ Ordo Virginum នៃភូមិភាគនៃVerona ជាអ្នកទទួលខុសត្រូវសម្រាប់វគ្គសិក្សាខាងវិញ្ញាណនិងលំហាត់ខាងវិញ្ញាណ និង បងស្រី ជូ បៃលី វែល ( Jo Bailey Wells ) អគ្គលេខាធិការរងនៃសមាគម Anglican។
សម្តេចប៉ាបបានបង្កើតក្រុមប្រឹក្សាលោកកាឌីណាល់នេះ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីជួយទ្រង់ ក្នុងការគ្រប់គ្រងនៃព្រះសហគមន៍ ជាសកល និងសិក្សាគម្រោងសម្រាប់ការពិនិត្យឡើងវិញនៃច្បាប់របស់ព្រះសហគមន៍៕