វិស័យចំនួនពីរត្រូវបានរំពឹងថានឹងអាចជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើននៅឆ្នាំ២០២៤-២០២៥
វិស័យចំនួនពីរ ត្រូវបានរំពឹងថានឹងអាចជួយធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៥,៨ភាគរយក្នុងឆ្នាំ ២០២៤ និង៦ភាគរយនៅក្នុង ឆ្នាំ២០២៥ នោះគឺវិស័យកម្មន្តសាល និងវិស័យទេសចរណ៍។
យោងតាមរបាយការណ៍ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨ភាគរយក្នុងឆ្នាំ ២០២៤ និង៦ភាគរយនៅក្នុងឆ្នាំ ២០២៥ សម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងវិស័យទេសចរណ៍។
លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា ទោះបី ជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ ២០២៣។ លោកស្រីរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ដែលទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមានដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣។»
ផ្អែកតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) សម្រាប់ ខែមេសា ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិត ៥ភាគរយ ក្នុងឆ្នាំ ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការផ្ទុះឡើងវិញយ៉ាងខ្លាំងក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផលនៃវិស័យនេះសម្រេចបានកាលពីឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលមានក្នុងវិស័យកម្មន្តសាល។
របាយការណ៍របស់ADB បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀតសម្រាប់សេដ្ឋកិច្ចនៅឆ្នាំ ២០២៤- ២០២៥ ដោយមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ ជាងនេះអតិផរណាជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមក ២,១ភាគរយ នៅក្នុងឆ្នាំ ២០២៣ ដោយសារមានការថយចុះនៃថ្លថាមពលអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២ ភាគរយនៅក្នុងពេល២ឆ្នាំខាងមុខនេះ។
រាជរដ្ឋាភិបាលគ្រោងអនុវត្តន៍ការពង្រឹងការគ្រប់គ្រងថវិកាជាបណ្តើរៗចាប់ពីឆ្នាំ ២០២៤ ដើម្បីស្ដារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺរាតត្បាត។ ប៉ុន្តែបញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលថ្លៃ ថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។
លោកស្រី Jyotsana Varma មានប្រសាសន៍បន្តថា បញ្ហាប្រឈមទាំងនេះបន្ថែមភាពស្មុគស្មាញ ដល់ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែកម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកប ដោយភាពប្រយ័ត្នប្រយែង។
របាយការណ៍នេះ ក៏ពិភាក្សាផងដែរអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (Least-Developed Country) របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៧។ កំណើននេះបានកត់សម្គាល់ ការឆ្លងផុតនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាកអន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ប្រទេស។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារនិងកំណើនសេដ្ឋកិច្ចខ្ពស់។
ដើម្បីឆ្លងផុតការផ្លាស់ប្ដូរនេះប្រកបដោយប្រសិទ្ធភាព របាយការណ៍របស់ADBសង្កត់ធ្ងន់ លើសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារដោយផ្ដោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក៕