លោក លី ធុជ ​ស្នើ​​ប្រទេសដីកោះម៉ាសាល់ ពិនិត្យលទ្ធភាព និងពិចារណាចូលរួមជារដ្ឋភាគីនៃ​អនុសញ្ញាអូតាវ៉ា

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០​២៤ បាន​ធ្វើជំនួបក្រៅផ្លូវការជាមួយលោក Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ពិ​ចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។​

ជំនួបនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ​ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ។

​ក្នុងជំនួបក្រៅផ្លូវការនេះ លោក លី ធុជ បានស្នើសុំឱ្យប្រទេសដីកោះម៉ាសាល់ ពិនិត្យលទ្ធភាព និ​ងពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញាឆ្នាំ២០២៤។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានអញ្ជើញគណៈប្រតិភូនៃកោះម៉ាសាល់ ចូលរួមក្នុងកិច្ចប្រ​ជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះផងដែរ​។ ​

ជាការឆ្លើយតបលោក Junior Aini នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ៕

Daily Program

Livesteam thumbnail