លោក មាជ សុវណ្ណារ៉ា បារម្ភចំពោះការឱ្យប្រើប្រាស់កម្មវិធី Chat Cool App
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានបង្ហាញក្តីបារម្ភចំពោះការអំពាវនាវឱ្យប្រើប្រាស់កម្មវិធី Chat Cool App។
ខុទ្ធកាល័យគណបក្សជំនាន់ថ្មី បានប្រកាសឱ្យដឹងថា ពេលថ្មីៗនេះ មានការបញ្ចេញកម្មវិធីបណ្តាញទំនាក់ទំនងសង្គម Chat ថ្មីរបស់កម្ពុជាមានឈ្មោះថា Cool App របស់ COOLAPP CO.,LTD. ឱ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដែលបញ្ជាក់ថា បង្កើតឡើងដោយអ្នកជំនាញកម្ពុជាផ្នែកបច្ចេកវិទ្យាព័ត៌មាន ក្រោមឃ្លាមោទនភាពថា «ស្នាដៃកូនខ្មែរ»។
គណបក្សដដែលបានបន្តថា ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាតួយ៉ាងអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអំពាវនាវឱ្យមន្ត្រីជួររដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់កម្មវិធីនេះ ដែលលោកប្រដូចទៅនឹងកម្មវិធី Chat ដ៏ពេញនិយមគឺTelegram ផង។
យោងតាមប្រភពពីកក្រុមហ៊ុន Cool App ជាកម្មវិធីទំនាក់ទំនងសង្គម Chat ដែលបានចំណាយពេលជាង ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១ ដល់ពាក់កណ្តាលឆ្នាំ២០២៤ ដើម្បីស្ថាបនាឡើង ដោយមានមុខងារ Chat ទំនាក់ទំនង, Video Call ដោយទិន្នន័យទាំងឡាយប្រើប្រាស់ប្រព័ន្ធ Encryption (ក្រៅពីអ្នកប្រើប្រាស់មិនអាចមើលសារឆ្លើយឆ្លងបាន) ជាមួយប្រព័ន្ធសុវត្ថិភាព Internet Local(Dix) ហើយថែមទាំងមានកម្រិតស្តង់ដារអន្តរជាតិ។
ថ្មីៗនេះ មានការប្រកាសគាំទ្រនិងអំពាវនាវឱ្យប្រើប្រាស់បណ្តាញសង្គមនេះ ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលក៏ដូចរដ្ឋសភាជាតិកម្ពុជា អ្នកឈានមុខក្នុងវិស័យឯកជនមួយចំនួន និង សិល្បករជាដើម ដែលអះអាងពីគុណភាពនៃកម្មវិធី Cool Apps នេះ ហើយជាពិសេសសេចក្តីអំពាវនាវទាំងនោះបានចេញផ្សាយជាញឹកញាប់បំផុតនៅលើសារព័ត៌មាន FreshNews ដែលមានទំនាក់ទំនងស្និទ្ធិនឹងរដ្ឋាភិបាលកម្ពុជា។
ក្រឡេកទៅកាន់គំរូនៅសហរដ្ឋអាមេរិកវិញ រដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើបណ្តាញសង្គមដែលពេញនិយមក្នុងស្រុករបស់ខ្លួនដើម្បីធានាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសឥទ្ធិពលនៃបណ្តាញសង្គមនីមួយចំពោះពលរដ្ឋរបស់ខ្លួន។
ជាក់ស្តែង CEO របស់ក្រុមហ៊ុនបណ្តាញសង្គមយក្សចំនួន២ ពោលគឺ Facebook និង TikTok ត្រូវបានព្រឹទ្ធសភាកោះហៅទៅបកស្រាយជុំវិញតម្លាភាពនៃបណ្តាញសង្គមរបស់ខ្លួន និងពន្យល់ពីបច្ចេកទេសកម្មវិធីខ្លួនដើម្បីធានាដល់សន្តិសុខជាតិ។
ជាចំណុចគួរឱ្យកត់សម្គាល់ ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលអាមេរិក និងប្រមុខរដ្ឋាភិបាលអាមេរិក មិនដែល ប្រកាសគាំទ្រប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីបណ្តាញសង្គមណាមួយជាលក្ខណៈផ្លូវការឡើយ បើទោះបីជាស្នាដៃបង្កើតដោយពលរដ្ឋអាមេរិកក្តី។
ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ថា ៖ «ក្នុងស្មារតីនេះ យើងបង្ហាញការអបអរចំពោះការឈានឡើងមួយកម្រិតទៀតនៃសមត្ថភាពកូនខ្មែរនៅលើវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល ដែលជាប្រយោជន៍ជាតិ ក៏ប៉ុន្តែយើងក៏បង្ហាញក្តីបារម្ភផងដែរ»។
សូមរម្លឹកដែរថា CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។
CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។
សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមថា ៖ «បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ»។
សម្តេចបានបន្តថា ៖ «ប៉ុន្មានថ្ងៃមកនេះខ្ញុំបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ»។
គោលដៅរបស់សម្តេចក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។
សម្តេចតេជោថា ៖ «រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង»។
CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ សម្តេចក៏មិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ៕