លោក ឃួង ស្រេង ទុករយៈពេល១សប្តាហ៍ សម្រាប់បញ្ឈប់ការកែច្នៃ និងប្រើប្រាស់ ការតាំងលក់ និងការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេស
កន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ។
ក្នុងនោះ ក៏បង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ដល់អ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវដោះចេញទាំងអស់។
លោកបានបញ្ជាក់ថា ការណែនាំនេះ គឺដើម្បីលុបបំបាត់នូវបាតុភាពអសកម្មដែលបង្កឡើងដោយឧបករណ៍កែច្នៃខុស លក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទប់ស្កាត់ នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ។
លោក ឃួង ស្រេង បន្ថែមថា ៖ «ចំពោះអ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្ដូរឱ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។
លោកបានបន្តថា ចំពោះអាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុស លក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍ ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។
ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុស លក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃ ឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឃួង ស្រេង។
លោកបានបញ្ជាក់ថា ៖ «ប្រជាពលរដ្ឋដែលបាននឹងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់ យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ ជាបន្ទាន់ ដោយទុករយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃនេះតទៅ បើផុតរយៈពេលឱសានវាទនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ»៕