លោក កើត សារ៉ាយ ប្រធាន សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបានឃាត់ខ្លួន
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ត្រូវបាននគរបាលសង្កាត់ក្រាំងធ្នង់ និងស្នងការដ្ឋាននគរបាលជាតិ នាំខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីវេលាម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ពីការនាំខ្លួនលោក កើត សារ៉យ ខណៈសមត្ថកិច្ចកំពុងសាកសួរ និងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការទទៅតាមផ្លូវច្បាប់។
សេចក្តីប្រកាសបានបន្តថា ការនាំខ្លួនលោក កើត សារ៉ាយនេះ ធ្វើឡើងដោយអាជ្ញាធរចម្រុះមានទាំងស្លៀកពាក់ឯកសណ្ឋាន និងស៊ី វិលប្រមាណជាង១០នាក់ ក្រៀកឡើងរថយន្តខណៈដែល លោក កើត សារ៉ាយ កំពុងបំពេញការងារនៅការិយាល័យ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ។
ប្រភពដដែលបានបញ្ជាក់ថា ៖ «រហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថាករណីការនាំខ្លួននេះ ស្ថិតក្រោមមូលហេតុណាមួយជាក់លាក់នោះទេ។ អាស្រ័យដូចនេះសូមបងប្អូនសាធារណជន សារព័ត៌មានជាតិ អន្តរជាតិ សមាគម អង្គការសង្គមស៊ីវិលជាតិ អន្តរ ជាតិមេត្តាជួយតាមដាននិងឃ្លាំមើលជុំវិញករណីនេះផង»។
យោងតាមប្រភពពីមន្រ្តីនៃស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ការឃាត់ខ្លួនលោក កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ការឃាត់ខ្លួនបុគ្គលរូបនេះ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលករណីនេះ បានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាស ថតរូបភាពវីដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ។
លោកបានបញ្ជាក់ថា ៖ «អ្វីដែលជាសកម្មភាពរបស់គាត់ដែលធ្វើសកម្មភាពផ្តល់កិច្ចសម្ភាស និងផ្តល់រូបភាពសម្ភាសប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជម្រុញឲ្យមានការញុះញង់ រើសអើង និងបង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម»។
សូមបញ្ជាក់ដែរថា អាជ្ញាធរខេត្តព្រះវិហារតម្រូវឱ្យ លោក កើត សារ៉ាយ ទៅជួប ស្រាយបំភ្លឺជុំវិញករណីដែលលោកផ្សព្វផ្សាយ និងបញ្ចេញមតិយោបល់អំពីបញ្ហាវិវាទដីធ្លី នៅឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤កន្លងទៅ។ ប៉ុន្តែ លោក កើត សារ៉ាយ មិនទាន់បានផ្ដល់ដំណឹងត្រឡប់ទៅអាជ្ញាធរ ខេត្តព្រះវិហារពីកាលបរិច្ឆេទដែលលោកត្រូវទៅជួបនោះទេ។
ក្រុមយុវជនចំនួន១១រូបបាននាំគ្នាមកជួបជុំសម្តែងមតិនៅមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីទាមទារស្វែងរកយុត្តិធម៌ និងស្នើឱ្យដោះលែងលោកកើត សារ៉ាយ ដែលត្រូវបានប៉ូលីសចុះទៅចាប់ខ្លួននៅក្នុងទីស្នាក់ការសមាគម កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤៕