លោកអភិបាល អូលីវីយ៉េ ដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានដឹកនាំគណៈប្រតិភូដែលមានថ្នាក់ដឹកនាំសាលាព្រះសហគមន៍កាតូលិក ព្រះចៅអធិការ និងគណៈកម្មការវត្តអង្គមន្ត្រី ស្រុកត្រាំកក់ ខេត្តតាកែវ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជូនចំពោះលោកជំទាវ សុខ កែវ និងក្រុមគ្រួសារនៃសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាឥស្សរជនជាន់ខ្ពស់មួយរូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទទួលមរណភាពនៅវេលាម៉ោង ០០:២៩ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨១ ឆ្នាំ ដោយជរាពាធ។ ក្នុងសារលិខិតរំលែកទុក្ខ លោកអភិបាល អូលីវីយ៉េ តំណាងឱ្យព្រះសហគមន៍កាតូលិកកម្ពុជាទាំងមូល រួមទាំងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្តែងនូវក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។

លោកអភិបាលបានចាត់ទុកការបាត់បង់ឯកឧត្តមបណ្ឌិតសភាចារ្យ គឺជាការបាត់បង់មិត្តដ៏ជាទីស្រឡាញ់ និងជាឥស្សរជនដ៏មានគុណូបការៈធំធេងមួយរូប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ហើយជាគុណូបការៈដែលមិនអាចបំភ្លេចបាន។ លោកអភិបាល អូលីវីយ៉េ ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ និងគុណបំណាច់ដ៏មានតម្លៃជាច្រើនរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលបានបន្សល់ទុកជាពិសេសនៅក្នុងការអភិវឌ្ឍសហគមន៍នៅខេត្តតាកែវ។

ជាក់ស្តែង នៅក្នុងឆ្នាំ២០០៤ ចាប់តាំងពីដំណើរទស្សនកិច្ចដំបូងរបស់ឯកឧត្តមនៅចំការទៀង ស្រុកត្រាំកក់ ឯកឧត្តមបណ្ឌិតសភាចារ្យបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីអប់រំ និងបណ្តុះបណ្តាលជំនាញកសិកម្ម ព្រមទាំងការបង្កើតមណ្ឌលត្បាញសូត្រ និងសិប្បកម្មកែច្នៃនានា ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង និងសម្របសម្រួលឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងព្រះសហគមន៍កាតូលិក និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង)។ ឯកឧត្តមក៏បានជួយជ្រោមជ្រែងលើផ្នែកលិខិតបទដ្ឋានគតិយុត្ត រហូតធ្វើឱ្យវិទ្យាស្ថានសន្តប៉ូល ក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ និងទទួលបានការទទួលស្គាល់ជាផ្លូវការ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក៏បានជួយសម្របសម្រួលឱ្យលោកអភិបាល អូលីវីយ៉េ ទទួលបានការប្រោសព្រះរាជទានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ ដែលបានក្លាយជាចំណងដ៏សំខាន់មួយក្នុងការផ្សារភ្ជាប់ជីវិត និងបេសកកម្មរបស់លោកអភិបាលជាមួយប្រជាជនកម្ពុជា។ ចំពោះការលើកទឹកចិត្តដល់វិស័យអប់រំ លោកអភិបាល អូលីវីយ៉េ បានបញ្ជាក់ថា ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ សុខ កែវ តែងតែផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅសាលាព្រះសហគមន៍កាតូលិក ចំការទៀង។

ទោះបីក្រោយពេលចូលនិវត្តន៍ក៏ដោយ ឯកឧត្តមនៅតែបន្តចុះសួរសុខទុក្ខ និងផ្តល់ការគាំទ្រដល់សិស្សានុសិស្សជាបន្តបន្ទាប់។ ជាពិសេស ឯកឧត្តមបានប្រគល់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ដៃ គឺម៉ូតូ ដល់សិស្សវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេស A ដែលជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សា និងសម្រេចបានលទ្ធផលល្អប្រសើរ។

លោកអភិបាល អូលីវីយ៉េ បានសង្កត់ធ្ងន់ថា រាល់ការរីកចម្រើន និងសមិទ្ធផលនានាដែលព្រះសហគមន៍កាតូលិកសម្រេចបាននៅលើទឹកដីខេត្តតាកែវ គឺមិនអាចកាត់ផ្តាច់ចេញពីការគាំទ្រ និងការជួយជ្រោមជ្រែងដោយឥតគិតនឿយហត់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានឡើយ។ គុណបំណាច់ និងការចូលរួមរបស់ឯកឧត្តម នឹងនៅតែជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ព្រះសហគមន៍កាតូលិក និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈប្រតិភូព្រះសហគមន៍កាតូលិក និងពុទ្ធបរិស័ទក្នុងស្រុកត្រាំកក់ទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោកជំទាវ សុខ កែវ ព្រមទាំងក្រុមគ្រួសារនៃសព។ សូមព្រះជាម្ចាស់ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាប្រទានការសម្រាលទុក្ខ សេចក្តីសុខសាន្ត និងកម្លាំងចិត្តដល់លោកជំទាវ និងក្រុមគ្រួសារ ក្នុងវេលាដ៏សោកសៅនេះ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សូមបានទៅកាន់ស្ថានបរមសុខ និងទទួលបានសេចក្តីសុខសាន្តអស់កល្បជានិច្ច កុំបីឃ្លៀងឃ្លាតឡើយ៕

Daily Program

Livesteam thumbnail
khmer popup image