លោកអភិបាលអូលីវីយ៉េ សូមឲ្យគ្រីស្តបរិស័ទទៅជាពន្លឺថ្មីសម្រាប់សហគមន៍ និងសង្គម

ក្នុងពិធីបុណ្យព្រះវិញ្ញាណយាងមកនៅព្រះវិហារសន្តមីកាអែលក្រុងព្រះសីហនុ នាថ្ងៃទី ០៨ ខែមិថុនាកន្លងទៅ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានប្រាប់ដល់គ្រីស្តបរិស័ទអំពីចំណុចសំខាន់បី ជាមគ្គុទេសក៍ក្នុងជីវិតជាគ្រីស្តបរិស័ទសកម្ម។
ទី១. ជាប់ជាមួយព្រះជាម្ចាស់ក្នុងរបៀបថ្មី
លោកអភិបាលបានបង្ហាញថា តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ យើងត្រូវបានភ្ជាប់ជាមួយព្រះជាម្ចាស់ យើងទៅជាបុត្រានិងបុត្រីរបស់ព្រះអង្គ។ ពេលយើងទទួលព្រះកាយព្រះគ្រីស្ត យើងមិនត្រឹមតែទទួលប៉ុណ្ណោះទេ តែជាការទទួលព្រះយេស៊ូផ្ទាល់ និងស្ថិតក្នុងអង្គតែមួយជាមួយព្រះអង្គ។
លោកអភិបាលសង្កត់ធ្ងន់ថា «យើងទៅជាអង្គតែមួយជាមួយព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធ។»
ទី២. យើងជាគ្រួសារដ៏ធំបំផុតនៅលើផែនដី និងជាពន្លឺ
ដើម្បីរម្លឹកដល់បេក្ខជនចំនួន២៣នាក់ ដែលទទួលអគ្គសញ្ញាលាបថ្ងាសក្នុងថ្ងៃនោះដែរ លោកអភិបាលអូលីវីយ៉េ បានបញ្ជាក់ថា យើងជាបងប្អូនក្នុងព្រះសហគមន៍ ដែលជាគ្រួសារដ៏ធំបំផុតនិងមានអ្នកជឿជាង ១៤០០ លាននាក់ នៅទូទាំងពិភពលោក។ ហើយក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងបានរួមជាគ្រួសារមួយ ដែលមានព្រះជាម្ចាស់ជាឪពុក និងព្រះយេស៊ូគ្រីស្តជាបងរបស់យើង។
គ្រួសារតែមួយដែលចេះសហការនិងគោរពគ្នាទៅវិញទៅមក តាមតួនាទីនិងមុខងាររៀងៗខ្លួន។ លោកអភិបាលពន្យល់ទៀតថា «ក្នុងគ្រួសារយើងផ្ទាល់ ត្រូវស្រឡាញ់គ្នាទៅវិញទៅមក ឲ្យកូនស្រឡាញ់ឪពុកម្តាយ ឲ្យឪពុកម្តាយស្រឡាញ់កូន ឲ្យប្តីប្រពន្ធត្រូវគ្នា ឲ្យកូនៗគោរពតាយាយ»។ លោកបន្តថា «ហើយក្នុងព្រះសហគមន៍ក៏ដូចគ្នាដែរ ត្រូវចេះគោរពគ្នា ជាមួយលោកឪពុក បងស្រី គណៈកម្មការ អភិបាល ក្មេងចាស់ប្រុសស្រី ឲ្យយើងចេះបង្កើតសេចក្តីសុខសាន្ត ឲ្យយើងទៅជាពន្លឺដ៏តូចមួយ»។
លោកបន្ថែមថា តួនាទីសំខាន់របស់គ្រីស្តបរិស័ទគឺ បង្ហាញភាតរភាព និងសេចក្តីស្រឡាញ់ ដល់បងប្អូនទាំងអស់ រួមទាំងអស់អ្នកដែលមានជំនឿផ្សេងៗដែរ។
លោកអភិបាលបានលើកឡើងអំពីបញ្ហាសង្គ្រាមនៅក្នុងតំបន់ ហើយអំពាវនាវឲ្យគ្រីស្តបរិស័ទចេះកសាងសុខសន្តិភាព ដោយដឹងថា មនុស្សទាំងអស់ជាបងប្អូននឹងគ្នា មិនមែនជាសត្រូវនោះទេ។
«បើយើងទទួលស្គាល់បងប្អូនឯទៀតៗដែលជាសាសន៍និងសាសនាផ្សេងពីយើង ថាជាបងប្អូនពិតៗ ណែនាំឲ្យយើងអាចកសាងសុខសន្តិភាពនៅក្នុងពិភពលោក។» លោកអភិបាលបញ្ជាក់។
ទី៣. ក្លាយជាគ្រីស្តបរិស័ទសកម្ម
លោកគង្វាលព្រះសហគមន៍បានប្រាប់ទៀតថា អំណរសប្បាយដែលគ្រីស្តបរិស័ទទទួលក្នុងព្រះវិហារ មិនគួរចប់នៅក្នុងព្រះវិហារទេ តែត្រូវនាំតាមខ្លួនទៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
គាត់បានជម្រាបថា ជីវិតគ្រីស្តបរិស័ទសកម្ម មិនមែនត្រឹមតែជាសមាជិកក្រុមគណៈកម្មការ ឬបម្រើក្នុងព្រះវិហារប៉ុណ្ណោះទេ តែត្រូវសកម្មក្នុងជីវិតប្រចាំថ្ងៃដោយ ស្រឡាញ់ លើកទឹកចិត្ត លើកលែងទោស និងកសាងសន្តិភាព។
ចុងក្រោយ លោកអភិបាលបន្ថែមថា «សូមមានចិត្តមេត្តា ដូចព្រះបិតាមានព្រះហឫទ័យមេត្តាករុណា» គឺជាប្រយោគដែលលោកអំពាវនាវឲ្យគ្រីស្តបរិស័ទចងចាំក្នុងចិត្តនិងអនុវត្តជាប្រចាំថ្ងៃ។
លោកបញ្ជាក់ថា ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ យើងទាំងអស់គ្នាបានទទួលអំណោយដ៏ធំធេងដើម្បីក្លាយជាគ្រីស្តបរិស័ទ ដែលរស់នៅដោយអំណរគ្រប់ទីកន្លែង៕
ដោយកែវ កញ្ញា








Daily Program
