លោកអភិបាលអូលីវីយ៉េ អំពាវនាវអោយគ្រីស្តបរិស័ទអធិដ្ឋាន និងធ្វើជាទូតនៃសន្តិភាព

នៅល្ងាចថ្ងៃទី៨ ខែធ្នូ ព្រះសហគមន៍កាតូលិកផ្សារតូច ព្រះវិហារសន្តយ៉ូសែប ស្ថិតនៅសង្កាត់ឫស្សីកែវ ខណ្ឌដូនពេញ នារាជធានីភ្នំពេញ បានរៀបចំពិធីប្រគល់អគារថ្មី ដោយមានគ្រីស្តបរិស័ទ និងភ្ញៀវកិត្តិយសចូលរួមប្រមាណជាង ៤០០ នាក់ ក្នុងថ្ងៃបុណ្យគោរពព្រះនាងម៉ារីឥតជំពាក់បាប។

ក្នុងឱកាសនេះ លោកអភិបាល បានលើកឡើងថា សមត្ថភាពមនុស្សមានព្រំដែន ប៉ុន្តែសម្រាប់ព្រះជាម្ចាស់វិញ «គឺគ្មានព្រំដែនទេ»។

លោកបន្តថា ឆ្នាំព្រះមហាករុណាទិគុណកំពុងជិតបញ្ចប់ហើយ ប៉ុន្តែ «សេចក្តីសង្ឃឹម សេចក្តីស្រឡាញ់ និងជំនឿ ដែលជាគុណធម៌ណែនាំអោយយើងទៅមុខ» នៅតែបន្តរស់រានមានជីវិតក្នុងចិត្តរបស់អ្នកជឿ។

លោកអភិបាលបានបញ្ជាក់ថា គម្រោងការណ៍របស់ព្រះជាម្ចាស់បង្កើតមនុស្សមក គឺដើម្បីអោយមនុស្សរស់នៅក្នុងអំណរសប្បាយ ប៉ុន្តែមនុស្សបានធ្វើខុសនឹងព្រះហឫទ័យរបស់ព្រះអង្គ ដោយធ្លាក់ចូលក្នុងអំពើបាប។

លោកថា «ព្រះអង្គមិនដែលចង់អោយយើងជួបទុក្ខលំបាកទេ គឺចង់សង្គ្រោះយើងវិញ»។

ក្នុងធម្មទេសនា ស្ដីពីតួនាទីរបស់ព្រះនាងម៉ារី ដែលបានណែនាំអោយពិភពលោកកែប្រែ ដោយលោកអភិបាលបានអះអាងថា ព្រះនាងគឺជានិមិត្តរូបនៃសន្តិភាព និងជីវិតពេញលក្ខណៈ។

លោកអភិបាលបន្ថែមថា៖ «ព្រះនាងម៉ារីរួមរស់ជាមួយព្រះជាម្ចាស់… និងគ្មានជំពាក់បាប ដែលណែនាំអោយយើងមើលឃើញមនុស្សលោកថ្មី ដែលពោរពេញដោយព្រះហឫទ័យស្រឡាញ់»។

លោកបានបន្ថែមថា ចំពោះការបង្កើតវប្បធម៌សន្តិភាព គ្រីស្តបរិស័ទត្រូវចេះលើកលែងទោសដើម្បីបំផ្លាញអំពើហិង្សា និងការប្រើប្រាស់អាវុធ។ «សម្លាប់គេ ធ្វើបាបគេ ប្រហារជីវិតគេ… វាផ្ទុយនឹងគម្រោងការណ៍ដ៏អស្ចារ្យរបស់ព្រះជាម្ចាស់» លោកបានបញ្ជាក់។

ចំពោះស្ថានការណ៍សង្គ្រាមនៅតំបន់នានា លោកអភិបាលអំពាវនាវអោយបញ្ឈប់ការប្រើអាវុធ និងស្វែងរកសន្តិភាពជំនួស ជាពិសេសបញ្ហាព្រំដែនកម្ពុជានិងថៃបច្ចុប្បន្ន ដោយបញ្ជាក់ថា «វាល្មមហើយជាមួយសំឡេងនៃអាវុធ។ វាល្មមហើយចំពោះគ្រាប់ដែលធ្លាក់លើទឹកដីរបស់យើង។ វាល្មមហើយជាមួយសង្គ្រាម»។ 

លោកបានបន្តថ្លែងដោយសង្ឃឹមថា ព្រះនាងម៉ារី «នឹងបិទសំឡេងអាវុធទាំងឡាយ» ហើយនាំសន្តិភាពមកឆាប់ៗ។

ក្នុងឱកាសត្រៀមចូលរួមបុណ្យព្រះយេស៊ូប្រសូត លោកអភិបាលបាននិយាយក្នុងទំរង់អំពាវនាវថា «ជាថ្ងៃដែលគ្រប់អាវុធត្រូវស្ងៀមស្ងាត់នៅលើពិភពលោកទាំងមូល» ហើយជំហានបន្ទាប់គឺមនុស្សគ្រប់គ្នា ត្រូវសម្រុះសម្រួល និងលើកលែងទោសគ្នាទៅវិញទៅមក «ដើម្បីបង្ហាញថា ពិតមែនយើងជាបងប្អូន និងមានព្រះបិតាតែមួយ»។

ទន្ទឹមនឹងនេះ លោកអភិបាលអូលីវីយ៉េ បានលើកទឹកចិត្តឱ្យគ្រីស្តបរិស័ទរស់នៅតាមព្រះបន្ទូល និងក្លាយជាទូតនៃសេចក្តីសុខសាន្តសម្រាប់សង្គមបច្ចុប្បន្ន៕

Daily Program

Livesteam thumbnail