របត់ប្រវត្តិសាស្ត្រស៊ីរី ៖ ពី «រដ្ឋគាំទ្រភេរវកម្ម» មកជាដៃគូសេដ្ឋកិច្ច និងសន្តិសុខ ពិភពលោក

ការប្រកាសជាផ្លូវការរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ក្នុងការដកប្រទេស ស៊ីរីចេញពីបញ្ជី «រដ្ឋគាំទ្រភេរវកម្ម» ដែលស៊ីរីបានជាប់ឈ្មោះអស់រយៈពេលជិតកន្លះសតវត្សរ៍ (៤៧ឆ្នាំ) មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែគឺជារបត់នយោបាយ និងសេដ្ឋកិច្ចដ៏ធំបំផុតសម្រាប់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការដួលរលំនៃរបបបាស្ហ៉ារ អាល់ អាសាដ កាលពីខែធ្នូ ឆ្នាំ២០២៤។

ការសម្រេចចិត្តរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលុបស៊ីរី និងក្រុម ហាយ៉ាត ​តារៀ អាល់ស្ហ៉ាម (Hayat Tahrir al-Sham- ឬ ក្រុម HTS) ចេញពីបញ្ជីខ្មៅអង្គភាព​ភេរវកម្ម បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរឥរិយាបថយ៉ាងច្បាស់របស់ក្រុងវ៉ាស៊ីនតោន។ ក្រុម HTS ដែលធ្លាប់ជាមែកធាងរបស់អាល់កៃដា បានផ្តាច់ខ្លួនពីអង្គការនេះតាំងពីឆ្នាំ២០១៦ ហើយ​ធ្លាប់ត្រូវដឹកនាំ​ដោយ​លោកប្រធានាធិបតីស៊ីរីថ្មី អាដម៉េដ អាល់ ចារ៉ា (Ahmed al-Sharaa) ដែល​ក្រោយ​មកលោកបានប្រកាសរំលាយក្រុមប្រដាប់អាវុធទាំងអស់ ដើម្បីកសាងរដ្ឋថ្មី។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កុត បេសសេន (Scott Bessent) បានគូសបញ្ជាក់ដូចគ្នាថា វិធានការនេះគឺជាការបើកផ្លូវ និង​ផ្ត​ល់​ឱកាសឱ្យជនជាតិស៊ីរីទទួលបាននូវស្ថិរភាពនយោបាយ និងភាពរុងរឿង។ ចំណែក​បេសកជន​ពិសេសអាម៉េរិក ប្រចាំនៅស៊ីរី លោក ថម បារ៉ាក (Tom Barrack) បានចាត់ទុក​ព្រឹត្តិការណ៍​នេះថាជាការផ្លាស់ប្តូរពី «ភាគីឯកោ» មកជា «ដៃគូសកម្មប្រយុទ្ធប្រឆាំងភេរវកម្ម»។

ការដកទណ្ឌកម្មចុងក្រោយនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ រួមមានប្រមុខការទូតស៊ីរី លោក អាសាដ អាល់ ចៃបានី រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកម៉ូហាម៉េដ បាកនីញ៉េ និងអភិបាល​ធនាគារ​កណ្តាលស៊ីរី បានស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុកជា «ជ័យជម្នះប្រវត្តិសាស្ត្រ»។

ការលុបឈ្មោះស៊ីរីចេញពីបញ្ជីខ្មៅ នឹងអនុញ្ញាតឱ្យ​វិស័យ​ឯកជនបរទេស ក្រុមហ៊ុនបច្ចេកវិទ្យា និងធនាគារអន្តរជាតិ អាចចូលធ្វើប្រតិបត្តិការនៅស៊ីរី​ដោយ​ឥតព្រួយបារម្ភពីទណ្ឌកម្មបន្ត។ ស៊ីរី​​អាច​ភ្ជាប់​ទំនាក់ទំនងឡើងវិញជាមួយ​ប្រព័ន្ធ​ធនាគារ​សកល ដើម្បីគាំទ្រការស្ថាបនា​ប្រទេស​​ឡើង​វិញ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏មហាវិនាស​កម្ម។ វិធានការរបស់អាមេរិក បានធ្វើ​ឡើង​បន្ត​បន្ទាប់​​ពីប្រទេស​កាណាដា អង់គ្លេស និងសហភាពអឺរ៉ុប ដែលបានលើកលែង​ទណ្ឌកម្ម​ស៊ីរី តាំងពី ឧសភា ២០២៥។

ជាមួយនិងលក្ខន្តិកៈថ្មីនេះ ស៊ីរីអាចជួបទាំងឱកាស និងបញ្ហាប្រឈមនៅពេលខាងមុខ។​ការ​ស៊ូ​ទ្រាំ​​ក្រោម​ទណ្ឌកម្ម និងភាពឯកោអស់រយៈពេល ៤៧ឆ្នាំ បានបន្សល់ទុកនូវហេដ្ឋារចនាសម្ព័ន្ធ​បាក់បែក និងសេដ្ឋកិច្ចទន់ខ្សោយបំផុតសម្រាប់ស៊ីរី។ ការដកចេញពីបញ្ជីភេរវកម្ម គឺជា «លិខិត​​ឆ្លងដែន» ដ៏សំខាន់មួយ ប៉ុន្តែភាពជោគជ័យជាក់ស្តែង គឺអាស្រ័យលើ ទី១ សមត្ថភាព​នៃ​ការកែទម្រង់ផ្ទៃក្នុង។ រដ្ឋាភិបាលថ្មីរបស់លោក អាល់ ចារ៉ា ត្រូវបង្ហាញឱ្យឃើញនូវតម្លាភាព សន្តិសុខ និងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់។ ទី២ គឺការរក្សាស្ថិរភាព​នយោបាយ។ ការរំលាយក្រុមប្រដាប់អាវុធទាំងអស់ត្រូវតែធ្វើឡើងដោយរលូន ដើម្បី​ជៀសវាង​​ការ​លេ​ចឡើងវិញនូវក្រុមជ្រុលនិយម។

ជារួម ព្រឹត្តិការណ៍ទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មលើស៊ីរីនាពេលនេះ មិនត្រឹមតែជាការបើក ទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រជាជនស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាណទិសដៅថ្មីមួយ នៃភូមិ សាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលផ្លាស់ប្តូរពីជម្លោះប្រដាប់អាវុធ ទៅជាការស្តារសេដ្ឋកិច្ច និងសន្តិសុខរួម។

 

Daily Program

Livesteam thumbnail
khmer popup image