រដ្ឋមន្រ្តីក្រសួងព័ត៌មានសូមបញ្ឈប់រូបភាពហិង្សា និងឃាតកម្មតាមបណ្តាញសង្គម
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី២០ ខែឧសភា នេះថា នៅប៉ុន្មានថ្ងៃនេះ លោកបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។
លោកបានបញ្ជាក់តាមបណ្តាញតេឡេក្រាមរបស់លោកថា ៖ «ខ្ញុំសូមអំពាវនាវ និងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន»។
ជាមួយគ្នានេះ វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ លោកបានបន្ថែមថា ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម អាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។
លោក នេត្រ ភក្ត្រា ថា ៖ «ខ្ញុំសង្ឃឹមនិងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល»៕