រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកាន់ប្រទេសកម្ពុជា នាព្រឹកនេះ

លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់។ នេះជាលើកទីពីរ នៃដំណើរទស្សនកិច្ចរបស់លោក រដ្ឋមន្ត្រី Austin ក្នុងតំណែងរបស់លោក ក្រោយពីធ្លាប់បានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក កាលពីឆ្នាំ ២០២២ ។
លោករដ្ឋមន្ត្រី Austin ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់តំណាងពីកងយោធពលខេមរភូមិន្ទ និងបានជួបជាមួយអតីតនិស្សិតកម្ពុជា ដែលធ្លាប់បានទទួលការអប់រំខាងកម្មវិធីយោធា ពីសហរដ្ឋអាមេរិក ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ស្តីពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ លោក នឹងជួបសម្ដែងការគួរសម និងពិភាក្សា ការងារដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាដៃគូដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។
នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យលោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
បន្ទាប់ពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយ លោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាផងដែរ៕




Daily Program
