រដ្ឋមន្ត្រីកាបរទេសកម្ពុជា-សឹង្ហបុរី ជជែកគ្នាពីតម្រូវការបន្ទាន់ឲ្យមានបទឈប់បាញ់រវាង កម្ពុជា-ថៃ អំពាវនាវឱ្យមានការចរចា តាមផ្លូវការទូត
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ អំពាវនាវឱ្យមានការចរចាតាមផ្លូវការទូត ដើម្បីធានានូវសន្តិភាពយូរអង្វែង។
ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាឱកាសអញ្ជើញជួបទ្វេភាគីជាមួយ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបុរី អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
លោក រដ្ឋមន្ត្រីការបរទេសទាំងពីរ បានគូសបញ្ជាក់នូវសារៈសំខាន់ នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាមួយគ្នាថ្មីៗនេះ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញាកន្លងទៅ។ ជំនួបថ្ងៃនេះ បានផ្ដោតសំខាន់លើការវិវត្តនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែននេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសជម្រាបជូន លោក Vivian Balakrishnan អំពីស្ថានភាពថ្មីៗ ដោយសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់អោយមានបទឈប់បាញ់ អំពាវនាវ ឱ្យមានការចរចាតាមផ្លូវការទូត និងកិច្ចសន្ទនាប្រកបដោយស្ថាបនា ដើម្បីធានានូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ៕