មន្ទីរពេទ្យកុមារអង្គរធ្វើយុទ្ធនាការ រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក

មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាប កំពុងរៀបចំផ្សព្វផ្សាយពីយុទ្ធនាការ «រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក» ក្នុងបំណងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកកុមារ និងដើម្បី និងដើម្បីរៃអង្គាសមូលនិធិសម្រាប់ដំណើរការនៅក្នុងមន្ទីរពេទ្យ។

យុទ្ធនាការ «រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានគោលដៅ រៃអង្គាសថវិកាដើម្បីបំពេញនូវកង្វះខាតថវិកាមន្ទីរពេទ្យកុមារអង្គរចំនួន ២០០ ០០០ដុល្លារអាមេរិក​ ដែលអាចប៉ះពាល់ដល់មន្ទីរពេទ្យកុមារអង្គរដើម្បី បន្តផ្តល់ការព្យាបាល និងថែទាំសង្គ្រោះអាយុជីវិតរហូតដល់ដំណាច់ឆ្នាំនេះ។ លើសពីការរៃអង្គាសថវិកា មន្ទីរពេទ្យកុមារអង្គរ ក៏នឹងជំរុញការយល់ដឹងអំពីជំងឺមហារីកកុមារតាមរយៈការផ្សព្វផ្សាយលើវេទិកាឌីជីថល។

យោងតាមផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (National Cancer Control Plan) ប្រទេសកម្ពុជា​បានកត់ត្រាករណីមហារីកកុមារប្រមាណ ៥៥៣ ករណីក្នុងឆ្នាំ ២០២០ ដោយជំងឺមហារីកឈាមស្រួចស្រាវមានចំនួនជិត៣០% ។ ខណៈពេល​ដែល ៨០% នៃកុមារដែលមានជំងឺមហារីក​អាចរស់រាន​មានជីវិតនៅទូទាំងពិភពលោក នៅក្នុងប្រទេសកម្ពុជា អត្រារស់រានមានជីវិតគឺមាន​ត្រឹម​២០% ប៉ុណ្ណោះ។ ហើយអ្វីដែលគួរឱ្យ​កត់សម្គាល់នោះគឺ រៀងរាល់ ៤០នាទីម្តង មនុស្សម្នាក់បានស្លាប់​ដោយសារជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរបានបង្កើតផ្នែកព្យាបាលជំងឺមហារីករបស់ខ្លួននៅក្នុងឆ្នាំ ២០១២ ដោយចាប់ផ្តើមពីការព្យាបាលជំងឺមហារីកបាតភ្នែក។ នៅឆ្នាំ ២០២១ អគារព្យាបាលជំងឺមហារីកកុមារត្រូវបានបើកដំណើរការ​ជាផ្លូវការ។ បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរ បានព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទ បានព្យាបាលកុមារចំនួន ៥០៨ ករណី និងបានណាត់ជួបពិគ្រោះព្យាបាលជំងឺចំនួន ៣ ៣៩៧ករណី។

ការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គររួមបញ្ចូលគ្នានូវការវះកាត់ ការព្យាបាលដោយចាក់ថ្នាំគីមី ឡាស៊ែរ និងការព្យាបាលដោយប្រើគ្រីស្តាល់ រួមជាមួយនឹងការគ្រប់គ្រងការឈឺចាប់។ គ្រួសារក៏ទទួល​បាន​ការប្រឹក្សា ប្រាក់ឧបត្ថម្ភធ្វើដំណើរ ជំនួយអាហារ និងការអប់រំ ដើម្បីជួយមើលថែទាំកូនៗនៅផ្ទះ។

ប្រតិបត្តិការអគារជំងឺ​មហារីកកុមារមានតម្លៃជិត ៥០០ ០០០ ដុល្លារអាមេរិក​ជារៀងរាល់ឆ្នាំ ដែលជាផ្នែកមួយត្រូវការថវិកាចាំបាច់។ ប្រសិនបើគ្មានជំនួយដើម្បីបំពេញការខ្វះខាតចំនួន ២០០ ០០០ ដុល្លារអាមេរិក ការថែទាំអាចនឹងត្រូវបានប៉ះពាល់ និងមានការប្រឈម​លើលទ្ធភាព​នៅក្នុងការជួយសង្គ្រោះអាយុជីវិតកុមារ ជាពិសេសកុមារមកពីក្រុមគ្រួសារដែលគ្មានលទ្ធភាព៕

Daily Program

Livesteam thumbnail