មណ្ឌលសិស្សនៅព្រះសហគមន៍កាតូលិកចម្លាក់ មានអគារស្នាក់នៅថ្មី
លោកអភិបាលសិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានធ្វើពិធីប្រទានពរលើមណ្ឌលសិស្សវិទ្យាល័យ នៅព្រះសហគមន៍ចម្លាក់ ស្ថិតក្នុងភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៣ ខែមីនា។
ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីអាជ្ញាធរដែនដី ព្រមទាំងមាតាបិតារបស់សិស្សស្នាក់នៅក្នុងមណ្ឌលផងដែរ ដោយមានទាំងពិធីថ្វាយអភិបូជាក្រោមអធិបតីភាពរបស់លោកអភិបាលភូមិភាគកំពង់ចាម។
ក្នុងធម្មទេសនារបស់លោកអភិបាលបានមានប្រសាសន៍ថា នៅថ្ងៃនេះ យើងធ្វើពិធីប្រទានពរនៅលើអគារថ្មី ដែលជាកន្លែងស្នាក់នៅនិងទទួលការអប់រំរៀនសូត្រ។ អគារនេះពិតជាមានប្រយោជន៍ណាស់សម្រាប់យុវជនដែលកំពុងសិក្សារៀនសូត្រ ដើម្បីអាចឲ្យសិស្សម្នាក់ៗរៀបចំជីវិតរបស់ខ្លួនឲ្យនៅជាប់ជាមួយសេចក្តីល្អជានិច្ច។
លោកអភិបាលសង្ឃឹមថា លោកបូជាចារ្យ បងស្រី និងលោកគ្រូអ្នកគ្រូដែលនៅទីនេះ ជួយយកចិត្តទុកដាក់ណែនាំកូនសិស្ស ឲ្យរស់នៅដូចជាគ្រួសារតែមួយ ដោយជួយអប់រំទាំងចំណេះដឹង សីលធម៌ល្អ និងឲ្យពួកគេមានសេចក្តីស្រឡាញ់ក្នុងខ្លួន។
មណ្ឌលស្នាក់នៅរបស់សិស្សនៅព្រះសហគមន៍កាតូលិកចម្លាក់នេះ បានចាប់ផ្តើមឡើងកាលពីម្ភៃឆ្នាំមុន ដោយមានផ្ទះធ្វើអំពីឈើ កសាងដោយលោកបូជាចារ្យ ហ្វ្រង់ស័រ ប៉ុងសូដ៍ ជាអតីតអ្នកទទួលខុសត្រូវនៅព្រះសហគមន៍នេះ។ ដោយសារតម្រូវការបន្ថែមសម្រាប់កូនសិស្សស្នាក់នៅ នៅឆ្នាំ២០២៣ លោកបូជាចារ្យ អេទៀន ឡូតា បានខិតខំស្វែងរកជំនួយថវិកាពីប្រទេសបារាំង ដើម្បីកសាងអគារថ្មីដោយក្នុងនោះរួមមាន អគារស្នាក់នៅពីរ សម្រាប់សិស្សស្រី និងសិស្សប្រុស ផ្ទះបាយ និងបន្ទប់ប្រជុំមួយ។
ការបង្កើតមណ្ឌលនេះឡើងគឺជួយដល់កូនសិស្សគ្រួសារមានជីវភាពពិបាក ដែលនៅឆ្ងាយពីសាលាពិបាកធ្វើដំណើរ។ សព្វថ្ងៃទទួលខុសត្រូវដោយលោកបូជាចារ្យ ប៉ូល សូនីល រួមនិងលោកបូជាចារ្យ អេទៀន ឡូតាជាជំនួយការ។ បច្ចុប្បន្នមណ្ឌលស្នាក់នៅរបស់សិស្សនេះ មានកូនសិស្សសរុប១៧នាក់ ក្នុងនោះមានស្រីចំនួន១០នាក់។
ដូច សុជាតិ កូនសិស្សថ្នាក់ទី១២ ដែលមកពីភូមិពើសបានឲ្យដឹងថា គាត់សប្បាយចិត្តនិងរំភើបយ៉ាងខ្លាំង ដោយមានមណ្ឌលថ្មី មានកន្លែងស្នាក់នៅល្អជាងមុន ហើយមានបន្ទប់រៀនល្អ មានកន្លែងលេងកីឡាផងដែរ។
នាងប្រាប់ថា៖ «នាងខ្ញុំសូមអរគុណដល់លោកពុក ដែលបានផ្តល់ឱកាសឲ្យខ្ញុំមករៀននិងស្នាក់នៅទីនេះ ខ្ញុំប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងរៀនឲ្យបានល្អ ដើម្បីទទួលបានអនាគតល្អប្រសើរ»៕
ដោយ៖ ម៉េង ភីឡុង