ព្រះមហាក្សត្រ វិមានសាមគ្គីភាព ចុះបញ្ចាំងពីតម្លៃស្នូលនៃឯកភាពជាតិ និងការដឹកនាំ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា វិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដែលទើបតែកសាងរួចរាល់ គឺស្ពុះបញ្ចាំងអំពីតម្លៃស្នូល និងទស្សនវិជ្ជានៃការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជា ដែលបានទទួលស្គាល់ថា ឯកភាពជាតិ និងសាមគ្គីភាព គឺជាសសរទ្រទ្រង់ដ៏រឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពរយៈពេលវែងរបស់ព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្របានស្ដែងព្រះរាជបន្ទូលបែបនេះ ក្នុងឱកាសដែលព្រះអង្គស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិមានសាមគ្គីភាព កាលពីថ្ងៃសុក្រ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា អគារនេះមិនត្រឹមតែជាសនិមិត្តរូបនៃសាមគ្គីភាពជាតិនោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់កិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ និងបន្ថែមនូវបេតកភណ្ឌស្ថាបត្យកម្មដល់វិមានរដ្ឋចំការមនផងដែរ។

«យើងអាចសន្និដ្ឋានបានថា វិមានសាមគ្គីភាព មិនត្រឹមតែជាសនិមិត្តរូបនៃសាមគ្គីភាពជាតិនោះទេ ប៉ុន្តែអគារនេះនឹងជួយលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជួយបន្ថែមសម្រស់ និងភាពចម្រុះដល់អគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមន ដែលជាបេតកភណ្ឌស្ថាបត្យកម្ម និងជាស្នាដៃដ៏មានតម្លៃបំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ"» នេះជាការគូសបញ្ជាក់របស់ព្រះមហាក្សត្រ។

ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលព្រះរាជកិច្ចថ្នាក់ដឹកនាំកំពូល នៃព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងឯកអគ្គរាជទូត/រដ្ឋទូតបរទេសប្រចាំកម្ពុជា។

ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ការដ្ឋានសាងសង់វិមានសាមគ្គីភាព បានចាប់ផ្តើមបើកការដ្ឋាននៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤។ អគារកម្ពស់ ៤ ជាន់នេះ ត្រូវបានសាងសង់រួចរាល់ក្នុងរយៈពេល ១៦ ខែ និងបានដាក់ឱ្យប្រតិបត្តិការនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦។

អគារនេះមានទំហំ ៧៩ ម៉ែត្រ គុណនឹង ៤៧ ម៉ែត្រ។ ជាន់ផ្ទាល់ដី រួមមានបណ្ណាល័យដ៏ធំមួយ បន្ទប់បុគ្គលិក បន្ទប់បញ្ជាការអង្គរក្ស និងបន្ទប់ម៉ាស៊ីនបម្រើការ (Server Room)។

ជាន់ទី ១ មានសាលធំសម្រាប់ពិធីបដិសណ្ឋារកិច្ចផ្លូវការ សាលពិរោះអាហារ បន្ទប់សន្និសីទសារព័ត៌មាន បន្ទប់ពហុបំណង និងបន្ទប់រង់ចាំ។

ជាន់ទី ២ រៀបចំជាការិយាល័យធ្វើការ បន្ទប់ប្រជុំទ្វេភាគី សាលទទួលភ្ញៀវ បន្ទប់សម្រាក និងបន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ខណៈជាន់ទី ៣ មានការិយាល័យបន្ថែម បន្ទប់ប្រជុំ និងបន្ទប់ទទួលភ្ញៀវ។

 

Daily Program

Livesteam thumbnail
khmer popup image