ការគំរាមពីទីក្រុងតេអេរ៉ង់ និងគ្រោះថ្នាក់នៃការទាញណាតូ ចូលក្នុងភក់ជ្រាំសង្គ្រាម

ភាពតានតឹងនៅមជ្ឈិមបូព៌ាកំពុងវិវត្តទៅរកសេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភមួយ គឺ ការប្រឈម​មុខ​ដាក់គ្នារវាងអាមេរិក និងអ៊ីរ៉ង់ អាចនឹងផ្ទុះរាលដាលដល់ទ្វីបអឺរ៉ុប។ ការអះអាងចុងក្រោយ​ពី​កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងប្រភពព័ត៌មានដែលចុះផ្សាយដោយហ្វាយនេនស្យល់ ថែមស៍ (Financial Times) បានបង្ហាញថា ទីក្រុងតេអេរ៉ង់កំពុងសិក្សាពីលទ្ធភាព​វាយប្រហារ​លើ​មូលដ្ឋាន​យោធាអាម៉េរិកក្នុងទ្វីបអឺរ៉ុប ប្រសិនបើលោក ដូណាល់ ត្រាំ បើកការវាយប្រហារលើ​របប​ឥស្លាមមួយនេះ ទៀត។

ប្រទេសនៅភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប រួមមាន ប៊ុលហ្ការី ដែលបានអនុញ្ញាត​ឱ្យ​យន្តហោះ​ចាក់​ប្រេង​អាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអាកាសបេហ្ស៉៍មើ (Bezmer) និងប្រទេស សាយប្រូស ( Cyprus) ដែលធ្លាប់រងការវាយប្រហារដោយដ្រូនលើមូលដ្ឋានទ័ពអង់គ្លេសនៅទីនោះ កំពុង​ស្ថិត​ក្នុង​បញ្ជី​គោលដៅ។ សារព្រមានរបស់អ៊ីរ៉ង់គឺច្បាស់ៗ ៖ «រាល់មូលដ្ឋានដែល​ត្រូវ​ប្រើប្រាស់​ដើម្បី​វាយប្រហារអ៊ីរ៉ង់ នឹងក្លាយជាគោលដៅវាយប្រហារវិញ»។

ចំណែក អង្គការសម្ព័ន្ធមិត្ត ណាតូ (NATO) បានបញ្ជាក់ភ្លាមៗ​អំពីភាពត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ការពារ​ប្រទេសសមាជិក។ មន្ត្រីណាតូបានលើកឡើងពីកត្តារឹងម៉ាំនៃ​ប្រព័ន្ធ​ការពារ​អាកាស​របស់​ខ្លួន ដោយចង្អុលបង្ហាញអំពីព្រឹត្តិការណ៍នាដើមឆ្នាំនេះ ដែលប្រព័ន្ធការពារ​អាកាស​អាច ស្ទាក់ចាប់មីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ចំនួន ៤លើក ដែលតម្រង់មកកាន់​ប្រទេស​ទួរគី។

អ៊ីរ៉ង់មានមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម លើសពី ២.០០០ គីឡូម៉ែត្រ ដែលអាចបាញ់​ដល់​អឺរ៉ុ​បខាងត្បូង។ ប៉ុន្តែកាលណាចម្ងាយ កាន់តែឆ្ងាយ កម្លាំងផ្ទុះ និងភាពត្រឹមត្រូវ​របស់វា​កាន់​តែ​ត្រូវ​​បាន​​កាត់បន្ថយ ហើយហានិភ័យនៃការត្រូវបានស្ទាក់ចាប់មានកាន់តែខ្ពស់។ អ៊ីរ៉ង់ធ្លាប់​បាន​ព្យាយាម​​វាយប្រហារលើកោះឌីហ្គូ ហ្គាស្យ៉ា (Diego Garcia) របស់អង់គ្លេស ដែល​មាន​ទីតាំង​​នៅកណ្ដាលមហាសមុទ្រឥណ្ឌា (ចម្ងាយជិត ៤០០០ គីឡូម៉ែត្រ) ប៉ុន្តែ មិនបាន​សម្រេច​គោលដៅ​នោះឡើយ។ ក្រោយមកអ៊ីរ៉ង់ ផ្លាស់ប្តូរទម្រង់នៃការគំរាម។ យោធាអ៊ីរ៉ង់​បាន​បើក​ការវាយប្រហារលើមូលដ្ឋានអាម៉េរិកក្នុងប្រទេសហ្ស៉កដានី ដែលសម្លាប់ទាហានអាមេរិក ៣​នា​ក់ និងបង្ហាញពីសមត្ថភាពវាយប្រហារពីចម្ងាយប្រកបដោយភាពត្រឹមត្រូវ​ខ្ពស់​ជាង​មុន ដែល​នេះអាចជាសារយុទ្ធសាស្ត្រផ្ញើ​សារទៅកាន់អឺរ៉ុប។

ការគំរាមកំហែងនេះកើតឡើងចំពេលដែលកិច្ចចរចារវា​ងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់​ត្រូវ​បាន​ដាច់​។ ខណៈលោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រកាសថា​មិនមានការចរចា​ណា​មួយ​បន្តទៀត មន្ត្រីអ៊ីរ៉ង់ក៏​ជឿជាក់ថា សង្គ្រាមនឹងកើតឡើងវិញ គឺជា «រឿងដែលត្រូវតែ​មក​ដល់»។ លោកដូណាល់ ត្រាំ គិតគូរតាមបែបហេតុផល គឺជាចម្លើយតបផ្ទាល់ទៅ​នឹងការ​គំរាម​កំហែង។ ប្រធានាធិបតីអាម៉េរិករូបនេះធ្លាប់បានអះអាងថា វ៉ាស៊ីនតោននឹងបំផ្លាញស្ពាន ឬ​រោងចក្រ​អគ្គិសនីរបស់អ៊ីរ៉ង់មួយ ជារៀងរាល់ពេលដែលតេអេរ៉ង់ វាយប្រហារលើនាវាណា​មួយ​​នៅ​ក្នុងច្រកសមុទ្រអ័រមូស។ ចំពោះភាគីអ៊ីរ៉ង់វិញ ការឆ្លើយតបដែលបានគ្រោងទុក​គឺការ​បង្កើន​ចម្ងាយ ពោលគឺចេញផុតពីតំបន់មជ្ឈិមបូព៌ា និងដាក់គោលដៅវាយប្រហារ​លើទ្រព្យ​សម្បត្តិ ឬ​មូលដ្ឋានរបស់អាម៉េរិកដែលនៅឆ្ងាយជាងនេះ ហើយអាចនឹងឈានទៅដល់​ការ​វាយ​ប្រហារ​​លើ​អឺរ៉ុប​ទៀតផង។

ការប្រកាសពង្រីកបញ្ជីគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ អាចជាយុទ្ធសាស្ត្របំភ័យ​កុំឱ្យអឺរ៉ុ​ប​ផ្តល់​​ជម្រក ឬគាំទ្រប្រតិបត្តិការយោធារបស់អាម៉េរិកនៅអ៊ីរ៉ង់។ ទោះបីជាសមត្ថភាពបាញ់​ប្រហារពិត​ប្រាកដរបស់អ៊ីរ៉ង់​នៅមានកម្រិត ក៏កត្តានេះបានបង្កើនហានិភ័យ​ខ្ពស់ក្នុង​ការ​ទាញ​អង្គការ​សម្ព័ន្ធមិត្តណាតូ ឱ្យចូលរួមក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ាដោយផ្ទាល់។

 

Daily Program

Livesteam thumbnail
khmer popup image