ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មហាកណ្ឋាភណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ជូនលោក ស៊ី ជីនពីង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស មហាកណ្ឋាភណ្ឌឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា ដែលជាគ្រឿងឥស្សរិយយសមានតម្លៃខ្ពង់ខ្ពស់បំផុត និងព្រះរាជក្រឹត្យប្រោសព្រះរាជទានដល់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជពិធីនេះត្រូវបានធ្វើឡើងក្នុងឱ្យកាសព្រះករុណា ព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានព្រះរាជសវនាការជូនលោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បាននាំមកដង្វាយវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានជាផ្ទាំងគំនូររូបសិល្បៈអប្សរា និងនារីរបាំរបបប្រជាជនចិន យ៉ាងស្រស់ ស្អាត និងចម្លាក់ប្រាសាទអង្គរវត្តយ៉ាងប្រណិតបំផុតដោយមានលម្អដោយក្បូរក្បាច់ចម្លាក់ប្រពៃណីយ៉ាងល្អវិចិត្រ និងប្រកបដោយភាពរស់រវើក មានតម្លៃខ្ពង់ខ្ពស់ជាច្រើនទៀតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានថ្វាយនូវវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ បង្ហាញពីវប្បធម៌ប្រពៃណីរបស់ប្រជាជនចិន និងទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា ចិន ជាមួយគ្នានេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីចិន ដែលរួមមានផ្ទាំងរូបប្រាសាទអង្គរវត្ត យ៉ាងប្រណិតលម្អដោយក្បាច់ ចម្លាក់ប្រពៃណីខ្មែរ ដែលមានក្បាច់ផ្កាភ្ញីយ៉ាងល្អវិចិត្របង្ហាញអំពីភាពរុងរឿងនៃខឿនវប្បធម៌សិល្បៈ និងប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិខ្មែរ។
ការថ្វាយនឹងប្រោសព្រះរាជទានវត្ថុអនុស្សាវរីយ៍ទៅវិញទៅមកក្នុងព្រះរាជពិធីប្រកបដោយអត្ថន័យដ៏ខ្ពង់ខ្ពស់នេះជានិមិត្តរូបនៃសាមគ្គីភាពដ៏រឹងមាំសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ នេះគឺជាការសបញ្ជាក់អំពីមិត្តភាពដ៏ជ្រាលជ្រៅសម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរកម្ពុជា ចិន៕



Daily Program
