ព្រះមហាក្សត្រ៖ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ​

ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។

សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត សេ្ថរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។

នេះជាព្រះរាជបន្ទូលរបស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមក្នុងឱកាសបើកសម័យប្រជុំដំបូងនីតិកាលទី៥ នៃព្រឹទ្ធសភា ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤​។

ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទា​ប់ពី ម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាន សម្តែងនូវឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ។​

ព្រះអង្គមានបន្ទូលថា ៖ «​តាមរយៈសមិទ្ធផលស្នាដៃ និងវឌ្ឍនភាព ក្នុងការអនុវត្តមុខងារស្នូលទាំងបី ព្រឹទ្ធសភាសម្រេចបាន នូវលទ្ធផលវិជ្ជមានជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាព នយោបាយ និងការឯកភាពជាតិ លើកកម្ពស់ ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា»។

ព្រះបានបន្តថា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាស្ពានតភ្ជាប់អំណាច រដ្ឋខាងលើទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។

ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្ដានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួមចំ​ណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន។ ​

នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹងកំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ។

ព្រះមហាក្សត្រ បានមានបន្ទូលថា ៖ «ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារ​ណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ»។

ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាពជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្ដល់ឱកាសដល់ ការកែលម្អ ឬកែទម្រ​ង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអភិ​វឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។

ព្រះអង្គបានបញ្ជាក់ថា ៖ «ក្នុងស្មារតីនេះ ខ្ញុំសូមសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រយើង»។ ​​

សូមបញ្ជាក់ដែរថា នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកា​លទី៥ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។

 

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោត​ជ្រើស​​​តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ មានគណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួម​មាន​៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។​

ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១អាសនៈនៅភូមិភាគទី២ ១អាសនៈនៅភូមិភាគទី៤ និង១អាសនៈនៅភូមិភាគទី៦)។

​បេក្ខភាពថ្នាក់ដឹកនាំកំពូលនៃព្រឹទ្ធសភា រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកប្រាក់ សុខុន អនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ អនុប្រធានទី២​។

ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅក្នុងព្រះបរមរាជវាំង៕

Daily Program

Livesteam thumbnail