ពិធីបុណ្យសពប្រធានាធិបតី រ៉ៃអ៊ីហ្ស៊ី ធ្វើឡើងនៅទីក្រុង តាប្រ៊ីហ្ស

ថ្ងៃទី២១ ខែឧសភា គឺជាការកាន់ទុក្ខរបស់ជនជាតិអ៊ីរ៉ង ដែលចូលរួមគោរពវិញ្ញាណក្ខន្ធប្រធានាធិបតីអ៊ីរ៉ង អេប្រាហ៊ីម រ៉ៃអ៊ីហ្ស៊ី។ ពិធីបុណ្យសពលោកចាប់ផ្តើមនៅទីក្រុង តាប្រ៊ីហ្ស ទីរួមខេត្តអាហ្ស៊ែបៃហ្សង់ខាងកើត ដែលជាកន្លែងដែលលោកបានទទួលមរណភាពក្នុងការធ្លាក់ឧទ្ធម្ភាចក្រមួយ។
បន្ទាប់ពីទីក្រុងតាប៊្រីហ្ស សពរបស់លោករ៉ៃអ៊ីហ្ស៊ី នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងពិសិដ្ឋ ទីក្រុង ឃ្យូអូម នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ មុននឹងចេញដំណើរទៅកាន់រដ្ឋធានី។ លោកអាយ៉ាតូឡា ខាម៉េណេ ដឹកនាំការបួងសួង នៅក្នុងកម្មវិធីលាចុងក្រោយដែលត្រៀមធ្វើនៅទីក្រុងតេអេរ៉ង់នៅល្ងាចថ្ងៃអង្គារ មុននឹងពិធីតាមសាសនាធំៗ ត្រូវចាប់ផ្តើមនៅរដ្ឋធានីនៅព្រឹកថ្ងៃពុធ។
បន្ទាប់មកសពរបស់លោករ៉ៃអ៊ីហ្ស៊ី នឹងបញ្ជូនទៅកាន់ខូរ៉ាសានភាគនិរិតី នៅព្រឹកថ្ងៃព្រហស្បតិ៍ និងនៅភូមិកំណើតរបស់លោក ភូមិម៉ាឆាត ដែលលោកនឹងត្រូបញ្ចុះនៅថ្ងៃព្រហស្បតិ៍ពេលល្ងាច។
នៅថ្ងៃកើតហេតុ ឧទ្ធម្ភាចក្រនៃប្រធានាធិបតីស្ថិតនៅលើផ្លូវត្រឡប់មកកាន់ទីក្រុងតាប្រ៊ីហ្ស នៅភាគពាយព្យនៃប្រទេស បន្ទាប់ពីបានចូលរួមការសម្ពោធទំនប់រួមគ្នាជាមួយសមភាគី អាហ្ស៉េរី អ៊ីអ៊ីហាម អាលីយ៉េវ នៅព្រំដែនដែនរួមជាមួយប្រទេសអាហ្ស៊ែបៃហ្សង់។
ប្រតិបត្តិការរុករក និងសង្រ្គោះ បានចាប់ផ្តើមនៅថ្ងៃអាទិត្យពេលរសៀល នៅខណៈដែលឧទ្ធម្ភាចក្រពីរទៀតនៃក្បួនរបស់លោកបានបាត់បង់ការទាក់ទងជាមួយគ្រឿងយន្តរបស់ខ្លួនដោយហេតុផលនៃលក្ខខណ្ឌអាកាសធាតុលំបាកនៅក្នុងតំបន់ភ្នំដែលចោតខ្លាំង។
កាលពីព្រឹកថ្ងៃចន្ទ ទូរទស្សន៍រដ្ឋបានប្រកាសអំពីមរណភាពរបស់លោក និងបញ្ជាក់ថា លោកគឺជាអ្នកបម្រើជាតិអ៊ីរ៉ង់។ លោកអាយ៉ាតូឡា អេប្រាហ៊ីម រ៉ៃអ៊ីហ្ស៊ី បានឈានដល់កម្រិតខ្ពស់បំផុតនៃអ្នកដឹកនាំ និងក៏បានបង្ហាញអំពីរូបថតលោកជាច្រើនសន្លឹក និងសម្លេងដែលអានគម្ពីរកូរ៉ង់ផងដែរ។
អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកម៉ូហាម៉េដ បាហ្គេរី កាលពីថ្ងៃចន្ទ បានបញ្ជា ឲ្យមានការស៊ើបអង្កេតអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាចក្រ។ ប្រទេសជាច្រើនបានសម្តែងការចូលរួមចែករំលែកទុក្ខដល់សាធារណរដ្ឋឥស្លាមនេះ។
នៅអ៊ីរ៉ង ការប្រមូលផ្តុំបានកើតមានឡើងនៅក្នុងទីក្រុងផ្សេងៗ សម្រាប់ការគោរពវិញ្ញាណក្ខន្ធសពលោកប្រធានាធិបតី ដែលទទួលមរណភាពក្នុងការធ្លាក់យន្តហោះ ជាមួយមនុស្ស ៨នាក់ បានស្លាប់ ដែលរួមមានទាំងរដ្ឋមន្រ្តីការបរទេស លោកហ៊ូសេន អាមៀ អាបដូលឡាហៀន មន្រ្តីនៃខេត្តអាហ្ស៊ែរបៃហ្សង់ខាងកើត និងប្រមុខនៃក្រុមសន្តិសុខរបស់លោកផងដែរ។ នៅទីក្រុងតេអេរ៉ង មនុស្សរាប់ពាន់នាក់បានកាន់ទុក្ខ កាន់រូបថតរបស់លោករ៉ៃអ៊ីហ្ស៊ី និងបានប្រមូលផ្តុំនៅទីលានវ៉ាលីយ៉ា នៅក្នុងកណ្តាលរដ្ឋធានី។
មេដឹកនាំកំពូលអ៊ីរ៉ង លោកអាយ៉ាតូឡា អាលី ខាម៉េណេ បានចេញក្រឹត្យ ៥ថ្ងៃ នៃការកាន់ទុក្ខ និងដាក់បន្ទុកដល់អនុប្រធានាធិបតី លោកម៉ូហាម៉ាដ ម៉ូប៊ែរ អាយុ ៦៨ឆ្នាំ ចាប់ផ្តើមមុខងារជាប្រធានាធិបតីស្តីទី មុននឹងការបោះឆ្នោតប្រធានាធិបតី ដែលនឹងប្រព្រឹត្តិទៅ ៥០ថ្ងៃ ខាងមុខ ដែលកំណត់យកថ្ងៃទី២៨ មិថុនា។
ជាអ្នកអភិរក្សជ្រុល លោករ៉ៃអ៊ីហ្ស៊ី អាយុ ៦៣ឆ្នាំ ត្រូវបានចាត់ទុកជាបុគ្គលដែលសមស្របបំផុតដើម្បីស្នងបន្តពីលោក អាយ៉ាតូឡា អាលី ខាម៉េណេ ដែលមានអាយុ ៨៥ឆ្នាំ។ លោកបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០២១ បន្តពីប្រធានាធិបតីនិយមកណ្តាល លោកហាសាន់ រ៉ូហានី នៅសម័យដែលអ៊ីរ៉ងត្រូវបានរំជើបរំជួលដោយចលនាតវ៉ាតាមដងផ្លូវ វិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរដោយការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងការប៉ះទង្គិចជាមួយសត្រូវស្លាប់រស់ គឺអ៊ីស្រាអែល។
Daily Program
