ប្រាសាទអង្គរវត្តទទួលស្វាគមន៍ភ្ញៀវទេសជិត៦៧ម៉ីននាក់ ក្នុងរយៈពេល៨ខែ

កម្ពុជារកចំណូលបានជាង៣១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរឱ្យភ្ញៀវទេសចរសរុបជិត៦៧ម៉ឺននាក់ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា រយៈពេល៨ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ ទទួលបានចំណូលសរុប ៣១ ០៦៨ ៧៤៣ដុល្លារ ពីភ្ញៀវទេសចរបរទេសសរុប ចំនួន ៦៦៩ ៦១៩នាក់ កើនឡើង ២.៤២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២០៦ ៦៨៥ ដុល្លារ ។
បន្ថែមពីនេះ ក្នុងរយៈពេល៨ខែនេះ ការលក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១០១ ៨៥០ដុល្លារ ពីភ្ញៀវចំនួន ១០ ០៨០នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ០៥០ដុល្លារ ពីភ្ញៀវចំនួន ៨១០នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤២៣ ៩២៦ដុល្លារ។
ដោយឡែកក្នុងខែសីហា ឆ្នាំ២០២៥ ភ្ញៀវទេសចរបរទេសចំនួន ៥០ ៨៤៨ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលគិតជាទឹកប្រាក់មានប្រមាណជាង ២,៤ លានដុល្លារ៕
Daily Program
