ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បញ្ជាឱ្យ​អភិបាលខេត្ត​ទាំងអស់ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជា​ទៅដល់​គ្រប់គណៈអភិបាល​រាជ​ធានីខេត្ត​ទូទាំងប្រទេស ត្រូវ​រឹតបន្តឹង​ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូ​វតែចាត់វិធានការឲ្យបានទាន់ពេលវេលាដោយមិនត្រូវលើកលែងនោះឡើយ។

ការបញ្ជាដូចនេះធ្វើឡើងនាព្រឹកថ្ងៃទី​២៣ ខែឧសភា នេះ ក្នុង​ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥។

សម្តេចមានប្រសាសន៍ថា ៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចេញបញ្ជាឱ្យគណៈអភិបាលនៃអភិបាល​រាជធានីខេត្តទាំងអស់ ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវ​តែរឹតបន្តឹង​វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុម​ដាវសាំម៉ូរ៉ៃ»។

សម្តេចបន្ថែមថាត្រូវ​តែធ្វើឱ្យបាន​ម៉ឺងម៉ាត់ចំពោះក្រុមក្មេងទំនើង ទាំងវិធានការ​រដ្ឋបាល និង​ការទប់ស្កាត់​ក្នុងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ គ្មានការលើកលែងដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ដោយត្រូវ​អនុវត្ត​ឱ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមានរបស់កម្ពុជា។

ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលក៏បាន​​ឱ្យ​ក្រសួងយុត្តិធម៌ធ្វើការពិនិត្យមើលលើការដាក់ដាវ​សាំម៉ូរ៉ៃតាមខ្លួននេះ។

សម្តេចធិបតីបញ្ជាក់ថា ៖ «ខ្ញុំសុំឱ្យស្ថាប័នអយ្យការ និង​ស្ថាប័នតុលាការ​ត្រូវ​មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ក្នុង​ការ​ចាត់ការលើសំណុំរឿងករណីក្មេងទំនើងនេះ ប្រកបដោយ​ការយកចិត្តទុកដាក់ខ្ពស់ និង​ដើម្បី​លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់»៕

 

 

Daily Program

Livesteam thumbnail