ប្រធាន FABC ថ្លែងអំណរគុណដល់លោកកាឌីណាល់ តាគ្លេ ដែលបានណែនាំសំណាក់ធម៌នៅក្នុងមហាសន្និបាតពេញអង្គ
លោកកាឌីណាល់ ហ្វ៊ីលីប នេរី ហ្វើរ៉ាវ (Filipe Neri Ferrão) ប្រធានសភាលោកអភិបាលកាតូលិកអាស៊ី (FABC) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកកាឌីណាល់ លូវីស អន់តូនីញ៉ូ ជី. តាគ្លេ (Luis Antonio G. Tagle) ចំពោះការដឹកនាំ "អធិស្ឋាន និងរិះគិតផ្លូវវិញ្ញាណ" នៅថ្ងៃទី ២២ ខែកក្កដា ក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គ FABC លើកទី ១២ នៅសណ្ឋាគារ Mulia ទីក្រុងហ្សាការតា។
លោកកាឌីណាល់ ហ្វើរ៉ាវ បានកត់សម្គាល់ថា ពិធីសំណាក់ធម៌នេះបានតម្រង់ទិសខាងវិញ្ញាណដ៏សំខាន់សម្រាប់ការងារបន្តនៃមហាសន្និបាត ដោយលោកបានថ្លែងថា៖
«ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ កាឌីណាល់ តាគ្លេ បាននៅជាមួយយើងក្នុងនាមជាបងប្អូនម្នាក់ ហើយបានដឹកនាំ និងសម្របសម្រួលអធិស្ឋាន និងរិះគិតតាមផ្លូវវិញ្ញាណនេះ ដោយបានដាក់យើងឱ្យស្ថិតក្នុងស្ថានភាពផ្លូវចិត្តដ៏ត្រឹមត្រូវ និងតម្រង់ទិសដ៏សមរម្យដើម្បីបន្តដំណើរនៃមហាសន្និបាតពេញអង្គនេះ។»
ដោយផ្តោតលើការក្លាយជា "ស្ពាននៃបេសកកម្ម និងជាអ្នកកសាងស្ពាននៅអាស៊ី" លោកកាឌីណាល់ តាគ្លេ បានជំរុញឱ្យអ្នកចូលរួមប្រកាន់យក "ភ្នែករបស់ព្រះយេស៊ូ" ដើម្បីមើលអ្នកដទៃដោយក្តីសង្ឃឹម ជំនួសឱ្យការគិតអវិជ្ជមាន។ ដោយទទួលស្គាល់នូវសារនេះ លោកកាឌីណាល់ ហ្វើរ៉ាវ បានមានប្រសាសន៍ថា៖
«លោកបានធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃការជួបប្រទះ និងការទទួលបទពិសោធន៍ជាមួយព្រះយេស៊ូ។ ប្រសិនបើយើងចង់ក្លាយជាស្ពាន និងជាអ្នកកសាងស្ពាន យើងត្រូវការទស្សនវិស័យរបស់ព្រះយេស៊ូ និងសមត្ថភាពក្នុងការមើលឃើញនូវអ្វីៗដ៏អស្ចារ្យដែលព្រះកំពុងធ្វើនៅក្នុងជីវិតរបស់យើង នៅក្នុងព្រះសហគមន៍ និងនៅក្នុងសង្គម។»
លោកបន្តថា «ការចែករំលែករបស់លោកបានប៉ះពាល់បេះដូងយើង ផ្តល់ការបំផុសគំនិតដល់យើង និងធ្វើឱ្យយើងភ្លឺស្វាង។»
ដោយគូសបញ្ជាក់ពីការចូលរួមមហាសន្និបាតពេញអង្គ FABC លើកទី ៧ របស់លោកកាឌីណាល់ តាគ្លេ លោកកាឌីណាល់ ហ្វើរ៉ាវ បានអះអាងថា "លោកគឺជាផ្នែកមួយនៃ FABC" ហើយបានបន្ថែមនូវសំណើពិសេសសម្រាប់កិច្ចបម្រើរបស់លោកនៅទីក្រុងរ៉ូមថា៖
«ដោយសារលោកនៅជិតសម្តេចប៉ាបដោយផ្ទាល់ សូមជួយនាំយកនូវភក្តីភាព និងការអធិស្ឋានយ៉ាងមុតមាំរបស់យើងខ្ញុំ ទៅក្រាបថ្វាយបង្គំសម្តេចប៉ាប ឡេអូ ផង។»
លោកកាឌីណាល់ ហ្វើរ៉ាវ ក៏បានស្វាគមន៍ និងថ្លែងអំណរគុណដល់លោកកាឌីណាល់ដែលជាភ្ញៀវតំណាងឱ្យតំបន់អាហ្វ្រិក (SECAM) និងអាមេរិកឡាទីន (CELAM) ព្រមទាំងបានសម្តែងការអរគុណដល់គណៈកម្មការពិធីបុណ្យ ក្រុមបព្វជិត-ជិតា ក្រុមបូជាចារ្យ និងក្រុមចម្រៀងកុមារមកពីកុមារកំព្រា Prima Unggul សម្រាប់ការរួមចំណែកបង្កើតបរិយាកាសអធិស្ឋានយ៉ាងជ្រាលជ្រៅពេញមួយកម្មវិធី៕