ប្រធានព្រឹទ្ធសភាកម្ពុជា សូមកាណាដាបន្តគាំទ្រលើបញ្ហាមីននៅកម្ពុជា

ក្នុង​ជំនួបពិភាក្សាការងារជាមួយនឹងលោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯក​គ្គ​រដ្ឋទូតនៃប្រទេសកាណាដាប្រចាំ​កម្ពុជា នាថ្ងៃទី​១៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាន​អំពាវនាវ​ដោយផ្ទាល់សុំឱ្យកាណាដាបន្ត​គំាទ្រដល់​កម្ពុជាបន្តទៀត ទាក់ទងនឹង​បញ្ហាមីន និងយុទ្ធភណ្ឌមិនទាន់​ផ្ទុះ។

សម្ដេចតេជោ បានមានប្រសាសន៍រំលឹកឡើងផងដែរ​ កាលពីឆ្នាំ២០២២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចក៏បានជួបពិភាក្សាការងារជាមួយ​នាយករដ្ឋមន្ត្រី កាណាដា នៅរាជធានី​ភ្នំពេញ ដោយភាគីទាំងពីរបានជជែកពិភាក្សាពីកិច្ចសហប្រតិបត្តិការនានា រួមទាំងការងារក្នុងអាស៊ាន និងទ្វេភាគី ដែលប្រទេសកាណាដាជាប្រទេសនាំមុខមួយ ក្នុងការគាំទ្រកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥។

យោងតាម​ខ្លឹមសារនៃជំនួប​រវាង​សម្តេច ហ៊ុន សែន និង​លោកស្រី​ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ៖ «​សម្ដេ​ចបានធ្វើការអំពាវនាវឲ្យប្រទេសកាណាដាបន្តការគាំទ្រដល់កម្ពុជាទៀត ដែលអតីតកាលកម្ពុជាបានឆ្លងកា​ត់សង្គ្រាម ដោយបន្សល់ទុកនូវគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលត្រូវដោះស្រាយជាបន្តប​ន្ទាប់ ជាពិសេសឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃអនុសញ្ញាអូតាវ៉ា ហើយសម្តេចតេជោក៏សូមឲ្យកាណាដាជួយគាំទ្រក្នុងការរៀបចំនូវដំណើរការនៃកិច្ចប្រជុំនេះផងដែរ»។

នាឱកាសនៃជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញ​ក្តី​សង្ឃឹម​នៅក្នុងអាណត្តិកា​រងាររបស់លោកស្រី​ថា លោកស្រីនឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា​-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ហើយសម្ដេចតេជោសង្ឃឹមថាលោកស្រី​នឹងជំ​រុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។

លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) បានលើកឡើងដែរថា លោកស្រី​នឹងខិតខំដើម្បីឲ្យមានការវិវត្តរីកចម្រើនទៅលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកំពុងមានកិ​ច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB លើការអភិវឌ្ឍន៍វិស័យថាមពលពន្លឺព្រះអាទិត្យ(Solar) ផងដែរ។

លោកស្រី​ឯកអគ្គរដ្ឋទូតកាណាដា បានបញ្ជាក់ថា ៖ «ប្រទេសយើងទាំងពីរ មានប្រវត្តិទំនាក់ទំ​នង​យូរអង្វែង ប្រកបដោយផ្លែផ្កា និងត្រង់ទៅត្រង់មក ហើយកម្ពុជា ជាដៃគូរបស់កាណាដាដែ​លគួរឲ្យទុកចិត្ត»។

ជាមួយគ្នានោះដែរ លោកស្រី​ក៏បានប្ដេជ្ញា ធ្វើការរួមគ្នា ជាពិសេសលើបញ្ហាវិនិយោគ និងជំរុញកា​រអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសលោកស្រី​បានណែនាំឲ្យបណ្ដាក្រុមហ៊ុនវិនិយោគរ​បស់កាណាដា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធការងារ ជាពិសេសត្រូវធ្វើយ៉ាងណា ​មានផលប្រយោជន៍ចំពោះប្រជាជនកម្ពុជា៕

Daily Program

Livesteam thumbnail