ប្រទេសបារាំង នឹងផ្គត់ផ្គង់រថពាសដែករាប់រយគ្រឿង និងមីស៊ីលដល់អ៊ុយក្រែន

យោងតាមរដ្ឋមន្រ្តីការពារជាតិបារាំង បានឲ្យដឹងថា​ប្រទេសបារាំងនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវ រថពាសដែករាប់រយគ្រឿង និងមីស៊ីល Aster 30 នៅក្នុងក្របខណ្ឌ​នៃកញ្ចប់ជំនួយថ្មី​សម្រាប់ ទីក្រុងគៀវ នៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។

រដ្ឋមន្រ្តីការពារជាតិបារាំង លោកសេបាស្យ៊ាន ឡឺគ័រនុយ បានពន្យល់ថា ៖ ”ដើម្បីទប់ទល់ តាម បណ្តោយខ្សែសមរភូមិមុខដែលមានទំហំធំ ទាហានអ៊ុយក្រែនត្រូវការ​រថពាសដែក។ នេះគឺ ជា គន្លឹះចាំបាច់ដាច់ខាតសម្រាប់ការចល័តកម្លាំង។ លោកបានបន្ថែមថា ៖ “សម្ភារៈទាំងនេះមិន​ថ្មី​ទេ ប៉ុន្តែវានៅអាចប្រើបាន និងអាចផ្តល់គុណប្រយោជន៍ដោយផ្ទាល់​ដល់​អ៊ុយក្រែនក្នុង​បរិមាណ​​ដ៏​​ធំ។ យើងនឹងផ្តល់ពួកវារាប់រយគ្រឿងនៅឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥”។

រថពាសដែកដ៏ល្បីល្បាញក្នុងការដឹកជញ្ជូនកម្លាំង VAB ដែលមានវត្តមានប្រើប្រាស់ជាង ៤០ ឆ្នាំមក កំពុងត្រូវបានផ្លាស់ប្តូរទៅជារថពាសដែកជំនាន់ថ្មី ហ្គ្រីហ្វហ្វ៉ុង សម្រាប់យោធាបារាំង។

ឆ្លើយតបទៅនឹងការស្នើសុំដោយទទូចពីទីក្រុងគៀវ ក្នុងការពង្រឹង​សមត្ថភាពការពារខ្លួន​ប្រឆាំង​ដែនអាកាស ទីក្រុងប៉ារីស​ក៏នឹងផ្តល់មីស៊ីល Aster 30 មួយចំនួនធំទៀត ដើម្បីប្រើស្រប ជាមួយមីស៊ីល SAMP ឬ T MAMBA ដែលមានសមត្ថភាពប្រហាក់ប្រហែល​នឹងមីស៊ីល ប៉ាទ្រីយ៉ូត របស់អាម៉េរិក។ លោករដ្ឋមន្រ្តី បានបន្ថែមថា ៖ “យើងក៏អភិវឌ្ឍ គ្រាប់បែក​ដែល​បញ្ជា​តាមតេឡេ នៅក្នុងរយៈខ្លី​ខាងមុខ នឹងផ្គត់ផ្គង់វាទៅឲ្យអ៊ុយក្រែនក្នុងរដូវក្តៅនេះ”។

កាលពីថ្ងៃអង្គារ លោកសេបាស្យ៉ាន ឡឺគ័រនុយ បានពន្យល់ថា នឹងប្រើប្រាស់ ឧស្សាហកម្ម បារាំងឲ្យមានការយល់ព្រម​សម្រាប់​អាទិភាពនៃតម្រូវការយោធា​បើ​ប្រៀបធៀបនឹងតម្រូវការ ស៊ីវិល ដើម្បីពន្លឿន​ផលិតកម្ម។

ការប្រកាសនេះកើតមានឡើង នៅខណៈ​ដែលរុស្ស៊ីបានពង្រីកការវាយប្រហារ​ផ្លូវអាកាស​របស់​​ខ្លួន​ទៅលើទឹកដីទីក្រុងគៀវ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងបញ្ជាក់អំពីប្រតិកម្ម​សង​សឹក​ចំពោះការវាយប្រហាររបស់ទីក្រុងគៀវ​នៅក្នុងតំបន់ព្រំដែន។

អភិបាលតំបន់បានរៀបរាប់ឲ្យដឹងថា កាលពីចុងសប្តាហ៍មុន ការវាយប្រហារបានសម្លាប់យ៉ាង ហោចណាស់មនុស្សម្នាក់​នៅក្នុងតំបន់ Lviv។ ទាហានអ៊ុយក្រែន បានប្រាប់ថា បានបាញ់ ទម្លាក់ មីស៊ីលចំនួន ៩ និងដ្រូនចំនួន ៩ របស់សត្រូវ។

លោកម៉ាកស៊ីម កូហ្ស៊ីតស្គី បានប្រាប់ឲ្យដឹងថា សត្រូវបានវាយប្រហារជាមួយមីស៊ីលអន្តរទ្វី​ប មក​លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ អគាររដ្ឋបាល​មួយត្រូវរងការខូចខាត។

រដ្ឋាករអគ្គីសនីអ៊ុយក្រែន អ៊ុយគ្រឺនែហ្គ៉ូ បានបញ្ជាក់ថា ជាថ្មីម្តងទៀត ទាហានរុស្ស៊ីបានវាយ ប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅពេលយប់។ ប្រភពនេះបានបញ្ជាក់ទៀតថា ពួកគេ សំដៅវាយប្រហារស្ថានីយ៍ចែកចាយបន្ត។

អ៊ុយគ្រឺនែហ្គ៉ូ បញ្ជាក់ថា តាមការខូចខាត ការដាច់អគ្គីសនីភ្លាមៗ នឹងកើតមានឡើងនៅទីក្រុង  អូដឺសារ និងតំបន់ជុំវិញ”។

យុវជនម្នាក់អាយុ ១៩ឆ្នាំ បានស្លាប់ និងម្នាក់ទៀត បានរងរបួស នៅបូរ៉ូវ៉ា នៅក្នុងតំបន់ខាឃីវ ហើយជនស៊ីវិលពីរនាក់ទៀតបានរងរបួសនៅក្នុងទីក្រុងខាឃីវ​នៅអំឡុងការវាយប្រហារ​នៅ​កាលពីចុងសប្តាហ៍មុន។

កាលពីថ្ងៃសុក្រ រុស្ស៊ីបានធ្វើការទម្លាក់គ្រាប់បែកដ៏សំបើម ប្រឆាំងនឹងបណ្តាញអគ្គីសនី អ៊ុយក្រែន និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រោងចក្រអគ្គីសនី​យ៉ាងហោចណាស់ ៣ និង ជំរុញ​ឲ្យអាជ្ញាធរអ៊ុយក្រែនកាត់ផ្តាច់ជាបណ្តោះអាសន្នភ្លាមនៅក្នុងតំបន់ចំនួន ៧។

ប្រឈមនឹងការទម្លាក់គ្រាប់បែកនេះ ទីក្រុងគៀវទាមទារឲ្យសម្ព័ន្ធមិត្តលោកខាងលិច បញ្ជូន​ជំនួយមកបន្ថែមទៀត ជាពិសេស ប្រព័ន្ធការពារដែនអាកាស។

 

Daily Program

Livesteam thumbnail