ប្រទេសបារាំង និងប្រទេស១៣ផ្សេងទៀត អំពាវនាវឲ្យបញ្ឈប់ការពង្រីកការតាំង​ទីលំនៅថ្មីនៅស៊ីហ្ស័កដានី

កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ១៤ ប្រទេស មានដូចជា បារាំង អង់គ្លេស កាណាដា និងជប៉ុន បានថ្កោលទោសការខិតទៅជិតនៃការតាំងទីលំនៅថ្មីរបស់ជនជាតិហ្ស៊ីហ្វ នៅតំបន់​ស៊ីហ្ស័កដានី​ប៉ាឡេស្ទីន និង​អំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលបកក្រោយនូវសេចក្តីសម្រេច​ចិត្ត និង​បញ្ឈប់ការពង្រីក​ការ​តាំងទីលំនៅថ្មី។

នៅក្នុងសេចក្តីប្រកាសរួមមួយដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបារាំង បានឲ្យដឹងថា យើងតំណាងឲ្យអាឡឺម៉ង់ ប៊ែលហ្ស៊ិក កាណាដា ដាណឺម៉ាក អេស្ប៉ាញ បារាំង អ៊ីតាលី អៀរឡង់ អ៊ីស្លង់ ជប៉ុន ម៉ាលត៍ ហូឡង់ ណ័រវេស និងអង់គ្លេស ថ្កោលទោសការខិតទៅ​រក​ ការបង្កើតការតាំងទីថ្មីចំនួន ១៩កន្លែង នៅ​តំបន់​ស៊ីហ្ស័កដានីប៉ាឡេស្ទីន ដែលត្រូវបាន​គ្រប់គ្រង​ដោយអ៊ីស្រាអែលដោយ​គណៈសន្តិសុខនៃរដ្ឋាភិបាលអ៊ីស្រាអែល​។

អត្ថបទបន្ថែមថា យើងបញ្ជាក់ឡើងវិញអំពីការប្រឆាំងច្បាស់សម្រាប់គ្រប់ទម្រង់នៃការភ្ជាប់ទឹក​ដី​រួមទាំងការអភិវឌ្ឍនៃនយោបាយអាណានិគមផងដែរ។

កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍ អាជ្ញាធរអ៊ីស្រាអែលបានប្រកាសអនុម័ត​ការតាំងទីលំនៅ​ថ្មី​ចំនួន ១៩ នៅតំបន់ស៊ីហ្ស័កដានី ដែលជាវិធានការ បើតាមអ៊ីស្រាអែល សំដៅរាំងខ្ទប់​គ្រឹះ​ស្ថាន​​នៃរដ្ឋប៉ាឡេស្ទីនភេរវករ នៅក្នុងបរិបទនៃការពង្រីកវិសាលភាពនៃការតាំង​ស្ថាន​អាស្រ័យ​​ថ្មី ដែលធ្វើចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។​

ចំណែកនៅក្នុងសេចក្តីប្រកាសរបស់ប្រទេសចំនួន ១៤ ប្រទេសទាំងនេះ រំឭកថា សកម្មភាព​របស់អ៊ីស្រាអែលជាឯកតោភាគីបង្កមានការរំលោភច្បាប់អន្តរជាតិ។

សេចក្តីប្រកាសអធិប្បាយទៀតថា ៖ “សកម្មភាពនេះផ្តល់ហានិភ័យប៉ះពាល់ដល់ការដាក់ឲ្យ​ដំណើរ​ការនូវផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា នៅខណៈដែលកិច្ចខិតខំប្រឹងប្រែងត្រូវ​បានដាក់​ចេញសម្រាប់ដំណាក់កាលទី២ នៃផែនការសន្តិភាព ហើយវាក៏នឹងបំផ្លាញទស្សន​វិស័យ​នៃ​​សន្តិភាព និងសន្តិសុខដែលមានចីរភាពនៅក្នុងតំបន់ទាំងមូលផងដែរ។”

”យើងអំពាវនាវឲ្យអ៊ីស្រាអែលធ្វើសេចក្តីសម្រេចចិត្តបកក្រោយវិញ ព្រមទាំងបញ្ឈប់​ការពង្រីក​អាណានិគមជន ដើម្បីឲ្យស្របនឹងដំណោះស្រាយ លេខ ២៣៣៤ នៃក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ និងបន្ថែមថា ពួកគេប្តេជ្ញាចិត្តនឹងគាំទ្រសិទ្ធស្វ័យសម្រេចដោយខ្លួន​ឯង​របស់ប៉ាឡេស្ទីន”។

ចុងក្រោយ ប្រទេសទាំង ១៤ រំឭកឡើងវិញអំពីការចងភ្ជាប់ដែលមិនអាចកាត់ផ្តាច់បាន​សម្រាប់​​សន្តិភាពសកល ត្រឹមត្រូវ និងមានចីរភាព នៅលើដំណោះស្រាយនៃរដ្ឋពីរ ដែលរដ្ឋ​ពីរ​ប្រជាធិបតេយ្យ គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន និងការរស់នៅក្នុងសន្តិភាព​ និងសន្តិសុខ​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ ជាមួយនឹងការមានព្រំដែនច្បាស់លាស់ និងត្រូវបាន​ទទួលស្គាល់។

ការតាំងអាណានិគម​ចេះតែបន្តនៅក្រោមគ្រប់រដ្ឋាភិបាលអ៊ីស្រាអែល ទោះពីក្រុមឆ្វេង ឬក្រុម​ស្តាំឡើងកាន់អំណាច ចាប់តាំងពីឆ្នាំ១៩៦៧ និងច្បាស់ណាស់ ត្រូវបានពង្រីកបន្ថែមនៅក្រោម​រដ្ឋាភិបាល​សព្វថ្ងៃ ជាពិសេសចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅហ្គាហ្ស៉ា​ដែលបញ្ឆេះឡើង​នៅ​ថ្ងៃទី៧​ ខែតុលា ឆ្នាំ២០២៣ ដោយការវាយប្រហារដែលមិនដែលមានពីមុន​ដោយចលនា​ឥស្លាមប៉ាឡេស្ទីន ក្រុម​ហាម៉ាស មកលើអ៊ីស្រាអែល។

លើកលែងតែទីក្រុងហ្សេរូហ្ស៉ាឡឹម ភាគខាងកើត ដែលត្រូវបានគ្រប់គ្រង និងភ្ជាប់ជាឧ​ប​សម្ព័ន្ធ​មកកាន់អ៊ីស្រាអែល ប្រជាជនអ៊ីស្រាអែលជាង ៥០០០០០នាក់ រស់នៅសព្វថ្ងៃនៅ​តំបន់​ស៊ីហ្ស័កដានី នៅក្នុងតំបន់តាំងទីនៅថ្មី នៅកណ្តាលជនជាតិប៉ាឡេស្ទីនប្រមាណ ៣លាននាក់ ហើយ​ដែលទង្វើនេះ អង្គការសហប្រជាជាតិវិនិច្ឆ័យថា ខុសច្បាប់ បើមើលលើច្បាប់​អន្តរជាតិ។

 

Daily Program

Livesteam thumbnail