ប្រទេសចិន ធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាការដាក់ទណ្ឌកម្ម

កាលពីថ្ងៃព្រហស្បតិ៍ទី២៣ ខែឧសភា សមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ គឺជាការដាក់ ទណ្ឌកម្មតឹងរ៉ឹង បើតាមចិន និងធ្វើឡើងបន្ទាប់ពី ៣ថ្ងៃ នៃការថ្លែងសន្ទរកថា ឡើងកាន់តំណែង របស់ប្រធានាធិបតីតៃវ៉ាន់ថ្មី លោក ឡៃ ជីងតេ ដែលចិនចាត់ទុកថា គឺជាបុគ្គលខ្វាក់ដែលចង់បានឯករាជ្យ។
យោងតាមលោកលី ស៊ី អ្នកនាំពាក្យនៃមេបញ្ជាការយុទ្ធភូមិភាគបូព៌ា និងកងកម្លាំងយោធា ចិនដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ចិនថ្មី បានឲ្យដឹងថា នេះនឹងជាការ ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរសម្រាប់ទង្វើបំបែកខ្លួនរបស់កងកម្លាំងឯករាជ្យនិយមរបស់តៃវ៉ាន់ និង ព្រមានធ្ងន់ធ្ងរប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុរបស់កងកម្លាំងពីខាងក្រៅ។
សារព័ត៌មានចិនថ្មី បានឲ្យដឹងថា ៖ ”លំហាត់សមយុទ្ធនឹងប្រព្រឹត្តទៅនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅភាគខាងជើង ខាងត្បូង និងនៅភាគខាងលិចនៃកោះ ព្រមទាំងតំបន់ដែលស្ថិតនៅជុំវិញកោះគីនម៉េន ម៉ាតស៊ូ វូគៀវ និងដុងយីន។ សារព័ត៌មានចិនថ្មី បញ្ជាក់ដែរថា សមយុទ្ធដែលត្រៀមធ្វើរយៈពេល ២ថ្ងៃ ចាប់ផ្តើមនៅម៉ោង៧ ៤៥នាទី។ ការធ្វើសមយុទ្ធរួមបញ្ចូលទាំងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងអង្គភាពកាំជ្រួចផងដែរ។
សារព័ត៌មានចិនថ្មី ប្រាប់ឲ្យដឹងទៀតថា គោលដៅគឺធ្វើតេស្តសមត្ថភាពប្រយុទ្ធពិតរួមគ្នានៃកងកម្លាំង និងទីបញ្ជាការ តាមរយៈការល្បាតត្រៀមខ្លួនដើម្បីប្រយុទ្ធពីសមុទ្រទៅអាកាស ការដណ្តើមគ្រប់គ្រងសមរភូមិទាំងមូល និងការវាយប្រហារជាក់លាក់នៅលើគោលដៅគន្លឹះ។
តៃវ៉ាន់ក៏មិនបង្អង់នឹងធ្វើប្រតិកម្ម។ ក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងថា ៖ “ក្រសួងការពារជាតិបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់សម្រាប់ការបង្កហេតុទាំងនេះ និងសកម្មភាពដែលមិនសមហេតុផលដែលបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់។ យើងបានពង្រាយកងកម្លាំងសមុទ្រ អាកាស និងដី ក្នុងការឆ្លើយតបដើម្បីការពារសេរីភាព ប្រជាធិបតេយ្យ និងអធិតេយ្យភាពរបស់តៃវ៉ាន់។
តៃវ៉ាន់គឺជាកោះស្វយ័តចាប់តាំងពីឆ្នាំ១៩៤៩ នៅពេលដែលអ្នកជាតិនិយម បានភៀសខ្លួនទៅលើកោះបន្ទាប់ពីការបរាជ័យរបស់ពួកគេប្រឈមនឹងកងកម្លាំងកុំមុយនីស្ត នៅអំឡុងសង្រ្គាមស៊ីវិលនៅចិនដីគោក។ ទីក្រុងប៉េកាំងបានចាត់ទុកកោះដែលគ្រប់គ្រងបែបប្រជាធិបតេយ្យជាផ្នែកនៃដែនដីរបស់ខ្លួន និងមិនដែលបដិសេធការប្រើកម្លាំងដើម្បីយកកោះនេះមកនៅក្រោមការគ្រប់គ្រងរបស់ខ្លួនវិញទេ។
លោកឡៃ ជីងតេ ដែលទីក្រុងប៉េកាំង បានវាយតម្លៃថា ជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់កាលពីអតីតកាលបានស្បថការពារកោះតៃវ៉ាន់កាលពីថ្ងៃចន្ទ។ លោកសន្យាការពារប្រជាធិបតេយ្យប្រឈមនឹងការគំរាមកំហែងរបស់ចិន និងអំពាវនាវចិន ឲ្យបញ្ឈប់ការគំរាមកំហែងខាងនយោបាយ និងយោធា។ លោកក៏បានរំឭកដោយផ្ទាល់អំពីហានិភ័យនៃសង្រ្គាម បន្ទាប់ពីជាច្រើនឆ្នាំនៃការដាក់សំពាធដែលកើនឡើងដែលធ្វើឡើងដោយចិនដើម្បីយកតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួន។
កាលពីថ្ងៃអង្គារ លោកវ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអធិប្បាយថា ក្រុមបំបែកខ្លួនតៃវ៉ាន់នឹងត្រូវចោទប្រកាន់ដ៏គួរឲ្យខ្មាស់អៀននៅក្នុងប្រវត្តិសាស្រ្ត។ នៅអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសនៃអង្គការសៀងហៃសម្រាប់កិច្ចសហប្រតិបត្តិការ លោករដ្ឋមន្រ្តីបានបន្ថែមថា ៖ “អំពើក្បត់របស់លោកឡៃ ជីងតេ ចំពោះជាតិ និងបុព្វបុរស គឺគួរឲ្យខ្មាស់អៀន”។
ជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ ទោះបីជាអ្នកជំនាញក៏មិនវាយតម្លៃថា វានឹងកើតមានឡើងឆាប់ៗ នោះដែរ ប៉ុន្តែបើវាកើត វានឹងជះឥទ្ធិពលដ៏បំផ្លិចបំផ្លាញសម្រាប់សេដ្ឋកិច្ចពិភពលោក។ កុងទីណ័រច្រើនជាង ៥០% ដែលដឹកជញ្ជូននៅក្នុងពិភពលោកឆ្លងកាត់តាមច្រកសមុទ្រនេះ ហើយកោះតៃវ៉ាន់ក៏ជាអ្នកផលិតឈីបចំនួន ៧០% នៅក្នុងពិភពលោកផងដែរ។
Daily Program
