បុណ្យរំលឹកគុណអង្គរ លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។
សម្រាប់ពិធីបើកពិធីបុណ្យដ៏មានអត្ថន័យនេះ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកនាថ្ងៃទី១៤នេះ ក៏នឹងបើកឱ្យសាធារណជនទូទៅចូលរួមដាក់បាត្រព្រះសង្ឃ ចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨៖៣៥ នាទីព្រឹកតទៅ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។
សម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម សូមមេត្តាទំនាក់ទំនង កញ្ញា ជា ជូអេង តាមរយៈលេខទូរសព្ទ ០៨៩ ៣៥៤ ០០០ ដើម្បីទទួលយកបណ្ណអនុញ្ញាតចូលរួមពិធី ឬអាចមកទទួលផ្ទាល់អំឡុងពេលប្រារព្ធពិធី នៅទីតាំងត្រួតពិនិត្យសំបុត្រច្រកចូលខាងលិចនៃប្រាសាទអង្គរវត្ត។
ក្នុងន័យដើម្បីឱ្យពិធីប្រព្រឹត្តទៅដោយរលូន និងជោគជ័យ អាជ្ញាធរជាតិអប្សរា នឹងបិទការចូលទស្សនា ប្រាសាទអង្គរវត្ត តាមច្រកស្ពានហាលខាងលិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពិធីចប់រួចរាល់។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូល-ចេញទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែត ទឹកជាបណ្តោះអាសន្នជំនួសវិញ៕