នៅតំបន់ដុនបាស ខ្សែការពារអ៊ុយក្រែនទទួលរងការឈឺចាប់ពីការដាក់សំពាធ របស់ទាហានរុស្ស៊ី

យោងតាមលោកអូឡិចសាន សៀស្គី មេបញ្ជាការកងកម្លាំងអ៊ុយក្រែនបានឲ្យដឹងថា នេះគឺ ជា ការវាយប្រហារមួយដ៏ខ្លាំងបំផុតរបស់រុស្ស៊ី​ចាប់តាំងពីការចាប់ផ្តើម​នៃការឈ្លានពាន​ទ្រង់ទ្រាយ ធំមកលើអ៊ុយក្រែន។” នៅក្នុងសេចក្តីប្រកាសមួយ​ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែ វិច្ឆិកា​នៅ​លើ​បណ្តាញតេឡេក្រាម លោកសៀស្គី មិនបានលាក់បាំងអំពីការព្រួយបារម្ភរបស់លោក​ប្រឈម​នឹងការរុលទៅមុខរបស់ទាហានរុស្ស៊ីឡើយ។ លោកអូឡិចសាន សៀស្គី បាននិយាយ ថា ៖ “ស្ថានភាពគឺតានតឹងខ្លាំងណាស់នៅតាមបណ្តោយព្រំដែននៅក្នុងតំបន់ដុនបាស”។

បើ​យោង​តាមការវិភាគមួយ​ពីទិន្នន័យភូមសាស្រ្ត​ដែល​ផ្សព្វផ្សាយ​ដោយ​វិទ្យាសា្ថនសិក្សា​សង្រ្គាម​នៅអាម៉េរិក បានឲ្យដឹងថា ទាហានរុស្ស៊ីបានឈានទៅមុខ ៤៧៨គម២ នៅក្នុង​ដែន​ដី​អ៊ុយក្រែនកាលពីខែតុលា។ ទាហានរុស្ស៊ីមិនដែលទទួលការបោះ​ជំហាន​ទៅមុខបែបនេះទេ​ចាប់​​តាំងពីការវាយប្រហាររបស់​រុស្ស៊ី​លើអ៊ុយក្រែន​នៅឆ្នាំ២០២២។

លោកហ្គូសស្តាវ ហ្គ្រេសសេល ដែលជាអ្នកវិភាគបញ្ហាយោធាសម្រាប់រដ្ឋបណ្ឌិតសភាការពារ​ជាតិអូទ្រីស បានបញ្ចាក់ថា ៖ “នេះគឺជាលទ្ធផលនៃការដាក់សំពាធជាប្រចាំចាប់តាំងពីចុង​ខែ​ឧសភា​របស់រុស្ស៊ី និងពីសង្រ្គាមបង្ហិនបង្ហោច ដែលធ្វើឲ្យធនធានរបស់ទាហានភាគីទាំងពីរ​ចុះ​ថយ​​យ៉ាងឆាប់រហ័ស ហើយដែលទាហាន​អ៊ុយក្រែនគឺជាអ្នកស្ថិតនៅលើស្ថានភាពខ្វះ​ខាត​មុន ជាពិសេសសម្រាប់អាវុធធនធ្ងន់ រថពាស​ដែក និងទាហានថ្មើជើង”។

និយាយម្យ៉ាងទៀត ទាហានអ៊ុយក្រែន នៅសល់សម្ភារៈសង្រ្គាមតិចទៅៗ និង​បំពេញ​ការខូចខាត និងបាត់បង់ជាប្រចាំរបស់ទាហាន។ ចំណែកទាហានរុស្ស៊ីជាច្រើនខែមកហើយ​បាន​​ស្ថាបនា​​ខ្សែការពារដ៏រឹងមាំ។

លោកហ៊ូសេអ៊ីន អាលីយ៉េវ ដែលជាអ្នកសិក្សាស្រាវជ្រាវ​នៅ​សកលវិទ្យាល័យហ្គ្លាសហ្គ៉ូវ ​និង​មាន​ឯកទេសនៅក្នុងសង្រ្គាមអ៊ុយក្រែន បានអះអាងថា ៖ “គេ​ត្រូវដឹងថា រុស្ស៊ីមិនបាន​បង្កើន​ច្រើន​ទេជួសទាហានដែលបាត់បង់នៅសមរភូមិដុនបាស ហើយប្រសិនបើរុស្ស៊ីអាចដណ្តើម​បាន​ដែន​ដី​កាន់​តែ​ងាយ​ស្រួល​ចាប់តាំងពីមួយខែមកហើយ នេះ​គឺដោយសារជាសំខាន់មកពី​ការ​ស្រុតចុះនៃយុទ្ធោបករណ៍ការពាររបស់អ៊ុយក្រែន”។ បើតាមរូបលោក ការខ្វះខាត​សម្ភារៈ ការលំបាកការពាររបស់អ៊ុយក្រែន ក៏ពន្យល់តាមរយៈ​បញ្ហា​នៃការរៀបចំ។ លោកហ៊ូសេអ៊ីន អាលីយ៉េវ បញ្ជាក់ថា កងពលនានា​ដែល​ធ្លាប់​ការពារ​សមរភូមិ​តាំងពីជិត ២ឆ្នាំមកហើយ នៅ​ក្នុងតំបន់ដុនបាស លំបាកនឹងទទួល​បានការ​ពង្រឹង​កម្លាំង”។

ជាលទ្ធផល ៖ កងពលនានាដែលថ្នឹកសង្រ្គាម នឿយហត់ និងខ្វះខាតទាហាន ហើយ​កាន់​តែ​មាន​ការលំបាកនឹងទប់ទល់ការរុលទៅមុខរបស់រុស្ស៊ី នៅខណៈ​ដែលទាហាន​បង្កើតថ្មីត្រូវបាន​ដាក់​ពង្រាយ​​នៅលើសមរភូមិ ទទួលបានបានការហ្វឹកហ្វឺនតិចតួច និងមិនមានបទពិសោធន៍។ អ្នកជំនាញរូបនេះ កត់សម្គាល់ថា ៖ “នេះបានធ្វើឲ្យការតស៊ូកាន់តែគ្មានប្រសិទ្ធភាព។”។

ទាហានអ៊ុយក្រែនបានធ្វើឲ្យទីក្រុងក្រឹមឡាំងភ្ញាក់ផ្អើលដោយបញ្ជូនអង្គភាពថ្នឹកៗជាច្រើន ទៅ​ដណ្តើមដែនដី​នៅលើដីរុស្ស៊ី​នៅក្នុងតំបន់ព្រំដែនតំបន់គូស្ក៍កាលពីខែសីហា។គោលដៅ​មួយ​ក្នុង​ចំណោមគោលដៅនានានៃប្រតិបត្តិការន៍នេះ គឺរុញរុស្ស៊ី​ឲ្យដាក់ពង្រាយសាជាថ្មី​នូវ​ទាហាន​​រ​បស់ខ្លួនមកកាន់តំបន់នេះ​ដើម្បីរុញច្រានកងកម្លាំងអ៊ុយក្រែនពីការឈ្លានពាន។ លោកប៉ាទ្រីក រ៉ឺណេ ហាអាស្លើ គឺជាអ្នកឯកទេសនៃប្រទេសតំបន់ឥទ្ធពលនៃ​អតីត​សហភាព​សូវៀត​នៅក្រុមអន្តរជាតិសម្រាប់​ការសិក្សាសន្តិសុខ វ៉ឺរូណា ដែលជាការប្រមូលផ្តុំអ្នកជំនាញ​នៃបញ្ហាសន្តិសុខអន្តរជាតិ។ លោកប៉ាទ្រីក រ៉ឺណេ ហាអាស្លើ វាយតម្លៃថា ​ផ្ទុយ​ពី​ក្តី​​សង្ឃឹម​របស់​អ៊ុយក្រែន ទីក្រុងមូស្គូ បានសម្រេចចិត្តមិនបញ្ចូនទាហានជាច្រើនដើម្បី​ការពារ​គូស្ក៍ទេ។

 

Daily Program

Livesteam thumbnail