នាវាដឹកជញ្ជូនជំនួយថ្មីចាកចេញពីប្រទេសស៊ីបទៅកាន់តំបន់ហ្គាហ្សា
នាវាដឹកជញ្ជូនជំនួយថ្មីមួយបានចាកចេញពីកោះស៊ីបឆ្ពោះទៅកាន់តំបន់ហ្គាហ្សាតាមច្រករបៀងសមុទ្រថ្មីមួយដើម្បីសង្រ្គោះវិបត្តិមនុស្សធម៌នៅទីនោះ។
វ៉ាទីកង់ញូវបានរាយការណ៍នាវាដឹកជំនួយនេះបានចាកចេញពីកំពង់ផែនៅកោះស៊ីបឆ្ពោះទៅកាន់ឆ្នេរ ហ្គាហ្សាដែលបច្ចុប្បន្នកំពុងតែរងគ្រោះដោយការវាយប្រហាររៀបដល់ដី ដោយកម្លាំងអ៊ីស្រាអែល។
ជំនួយដែលផ្ទុកនៅក្នុងនាវានោះ ភាគច្រើនជាម្សៅ អង្ករ និងស្ករ ហើយបានចាកចេញពីកំពុងផែកាលពីចុងសប្តាហ៍ ក្រោមកិច្ចព្រមព្រៀងមួយដែលបានឈានដល់ជាមួយអ៊ីស្រាអែលសម្រាប់ការលើកការហ៊ុំព័ទ្ធសមុទ្រដែលអនុវត្តចាប់តាំងពីឆ្នាំ ២០០៧។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងបារាំងបានជួបប្រជុំគ្នានៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយវិបត្តិមនុស្សធម៌ និងការស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។
នៅកន្លែងផ្សេងទៀត កាលពីប៉ុន្មានថ្ងៃមុន អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការវាយលុកដោយយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា គឺជាការប្រល័យពូជសាសន៍។
ដោយបង្ហាញរបាយការណ៍ថ្មីមួយ លោក ហ្វ្រេនសេស្កា អាលបាណេស ( Francesca Albanese) អ្នកតំណាងពិសេសលើទឹកដីដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយថា កម្រិតកំណត់បង្ហាញពីអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាត្រូវបានសម្រេច។
កាលពីសប្តាហ៍មុន តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេបានបញ្ជាឱ្យអ៊ីស្រាអែលធ្វើអ្វីដែលចាំបាច់ដើម្បីធានាថាជំនួយជាមូលដ្ឋានទទួលបានដល់ប្រជាជនប៉ាឡេស្ទីន។
អ៊ីស្រាអែលបានបើកការវាយលុកដ៏ធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ជាការសងសឹកប្រឆាំងនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងអ៊ីស្រាអែលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១ ២០០ នាក់បានបាត់បង់ជីវិត និងមនុស្សជាង ២៥០ នាក់ត្រូវបានចាប់ពង្រត់ធ្វើជាចំណាប់ខ្មាំង៕