នាយករដ្ឋមន្រ្តីកូរ៉េ ​ពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែម ដល់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បាន​ជួបប្រជុំពិភាក្សាការងារជា​មួយលោក ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។​

ក្នុងជំនួបនេះ លោក ហាន់ ដុកស៊ូ ​បានរំលេច​ពីការឯកភាពដំឡើងនូវកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងនូវទំ​នាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងប្រទេសទាំងពីរ។

លោកបានបញ្ជាក់តាមរយៈខ្លឹមសារនៃជំនួបនេះ​​ថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សា​រដ៏មានសក្ដានុពលស​ម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត ហើយលោក​ក៏បានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ក្នុ​ងការប​ង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ្យមានយន្តការនៃការជួបពិគ្រោះយោបល់ជាទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាផងដែរ​។

លោកនាយករដ្ឋមន្រ្តីកូរ៉េ ​បានបង្ហាញនូវក្តីរីករាយក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែម តា​មរយៈហិរញ្ញប្បទានឥតសំណង របស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) និង​ឥ​​ណទានសម្បទានតាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។ ​

ក្នុង​ជំនួបនោះដែរ សម្តេចធិបតី បាន​វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលបានឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្រ្ត» ដែលជាទំនាក់ទំនងដ៏ល្អប្រសើរ។

ទន្ទឹមនោះ សម្តេចធិបតីក៏បានជម្រាបលោក​នាយករដ្ឋមន្រ្តីកូរ៉េថា ៖ «វិស័យឯកជនមានសារៈសំ​ខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយការ ពង្រឹងតួនាទីរបស់វិស័យឯកជននឹងធ្វើឱ្យកា​រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត»។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសរំលេចឡើង អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។ ស្ពានមិត្តភាពនេះតំណាងឱ្យមិ​ត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះផងដែរ៕

Daily Program

Livesteam thumbnail