នាយករដ្ឋមន្ត្រីជំរុញឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យគុណភាពឱសថ និងគ្រឿងសំអាង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើការត្រួតពិនិត្យគុណភាពឱសថ និងគ្រឿងសំអាង រួមទាំងផលិតផលថែរក្សាស្បែក ដើម្បីការពារកុំឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

សម្តេចធិបតី បានផ្តល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យលួងម៉ែ» ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ឱសថ និងផលិតផលថែរក្សាស្បែក ត្រូវតែពិនិត្យឱ្យបានម៉ត់ចត់ ដើម្បីធានាបាននូវគុណភាព ដោយសម្តេចបានគូសបញ្ជាក់ថា វិធានការបែបនេះនឹងផ្តល់ផលប្រយោជន៍ទាំងអ្នកលក់ និងអ្នកប្រើប្រាស់។

សម្តេចបានពន្យល់ថា អ្នកលក់មួយចំនួនអាចមិនដឹងថា តើផលិតផលដែលពួកគាត់លក់មានគុណភាពល្អ ឬអាចបង្កហានិភ័យដល់សុខភាពឬយ៉ាងណានោះទេ ដោយសារពួកគាត់មិនមែនជាអ្នកផលិត ប៉ុន្តែបានទិញផលិតផលទាំងនោះពីប្រភពផ្សេងៗ ដែលជួនកាលជាការទិញដូរតាមអនឡាញបន្តបន្ទាប់គ្នា។

សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «ដូច្នេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ជាដើម ត្រូវតែធានានូវការគ្រប់គ្រងបញ្ហានេះឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ យើងមិនអាចបណ្តោយឱ្យក្រុមហ៊ុន ឬបុគ្គលណាម្នាក់ចំណេញប្រាក់ ចំណែកឯប្រជាជនយើងរងគ្រោះថ្នាក់សុខភាពនោះឡើយ។ ពួកគាត់ត្រូវតែទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះសុខភាព និងជីវិតរបស់អ្នកប្រើប្រាស់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ខណៈដែលរឿងរ៉ាវផ្សេងទៀតអាចយកមកពិភាក្សា និងយោគយល់គ្នាបាន បញ្ហាដែលប៉ះពាល់ដល់សុខភាព និងជីវិតរបស់ប្រជាជន ត្រូវតែដោះស្រាយដោយច្បាស់លាស់ និងផ្អែកលើការទទួលខុសត្រូវខ្ពស់បំផុត។

 

Daily Program

Livesteam thumbnail
khmer popup image