នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីការបន្តកែទម្រង់ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ

រាជរដ្ឋាភិបាលកំពុងបន្តកិច្ចខិតខំប្រឹងប្រែងកែទម្រង់ស្ថាប័ន ហើយមានផែនការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០ នៅក្នុងក្រសួង និងស្ថាប័នចំនួន ១៦។ នេះបើយោងតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចធិបតីបានមានប្រសាសន៍ថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញយ៉ាងទូលំទូលាយ និងការពិគ្រោះយោបល់យ៉ាងស៊ីជម្រៅជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ។

សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «រហូតមកដល់ពេលនេះ បន្ទាប់ពីការពិនិត្យឡើងវិញលើក្រសួង និងស្ថាប័នចំនួន ១៦ យើងមានផែនការកាត់បន្ថយអគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ៣០។ ការកាត់បន្ថយ និងការកែសម្រួលនេះ មិនមែនធ្វើឡើងតាមទំនើងចិត្តនោះទេ ប៉ុន្តែគឺផ្អែកលើការពិភាក្សា ហេតុផល តម្រូវការ និងការកែសម្រួលមុខងារភារកិច្ច»។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរការកែទម្រង់នេះកំពុងបន្តដំណើរការ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។

សម្តេចបានមានប្រសាសន៍ថា៖ «ការកែទម្រង់នេះមានយន្តការច្បាស់លាស់ ផ្អែកលើស្ថានភាពជាក់ស្តែង និងតម្រូវការពិតប្រាកដ ស្របតាមការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងប្រសិទ្ធភាពការងារ»។

សម្តេចធិបតីក៏បានបំភ្លឺផងដែរថា ការកែទម្រង់នេះគឺផ្តោតលើការកែលម្អប្រព័ន្ធការងារ និងការរៀបចំរចនាសម្ព័ន្ធមុខងារស្ថាប័នឡើងវិញ ជាជាងការសំដៅទៅលើការកាត់បន្ថយចំនួនមន្ត្រីបុគ្គលិក។

សម្តេចបានបន្ថែមថា ការទទួលខុសត្រូវនៅក្នុងស្ថាប័ននានា នឹងត្រូវរៀបចំឱ្យស្របទៅនឹងការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម (លទ្ធផលការងារ) និងលទ្ធផលជាក់ស្តែង៕

 

Daily Program

Livesteam thumbnail