ទីក្រុងមូស្គូវិនិច្ឆ័យថា អឺរ៉ុបព្យាយាមជះឥទ្ធិពលលើលោកដូណាល់ ត្រាំ គឺគ្មានភាពប៉ិនប្រសព្វ

ក្រោយមួយថ្ងៃពីកិច្ចប្រជុំបន្តបន្ទាប់គ្នាជាមួយលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បន្ទាប់មកជាមួយលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីប្រទេសអ៊ុយក្រែន និងមេដឹកនាំគាំទ្រអ៊ុយក្រែននៅអឺរ៉ុប លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសថា វានឹងមានលទ្ធភាពអាចទៅរួច ដែលសហរដ្ឋអាម៉េរិកនឹងបញ្ជូនទៅឲ្យអ៊ុយក្រែននូវការគាំទ្រខាងផ្លូវអាកាសជាការធានាសន្តិសុខដើម្បីបង្ការរាល់ការវាយប្រហារថ្មីៗរបស់រុស្ស៊ីក្នុងករណីអ៊ុយក្រែនមានកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូរួចហើយ។
ទន្ទឹមពេលគ្នានេះដែរ ប្រមុខអគ្គមេបញ្ជាការកងទ័ពនៃអង្គការណាតូ ៣២ប្រទេស បានជួបជុំគ្នាកាលពីថ្ងៃទី២០ ខែសីហា តាមវិដឺអូអនឡាញដើម្បីស្វែងរកជម្រើសនានាដែលសមាជិកនៃក្រុមសម្ព័ន្ធមិត្តអាចផ្តល់ឲ្យអ៊ុយក្រែនដើម្បីធានាសន្តិសុខរបស់ខ្លួនក្នុងករណីមានសន្តិភាព។
ចំណែកប្រមុខការទូតរុស្ស៊ី លោកសឺហ្គ៉េ ឡាវ្រ៉ូវ បានវាយតម្លៃថា ប្រទេសអឺរ៉ុបបានធ្វើការប៉ុនប៉ង់ដោយភាពឆ្គាំងឆ្គងជាខ្លាំងដើម្បីជះឥទ្ធិពលលើជំហរបស់ប្រធានាធិបតីអាម៉េរិក លើសង្រ្គាមនៅអ៊ុយក្រែន។ លោកសឺហ្គ៉េ ឡាវ្រ៉ូវ បានថ្លែងថា សម្រាប់ពេលនេះ យើងមើលឃើញតែការរីកធំ និងកាន់តែសាហាវនៃភាពតានតឹងនៃស្ថានភាពសង្រ្គាម។ ហើយរាល់ការពិភាក្សាអំពីការធានាសន្តិសុខរបស់លោកខាងលិចដែលផ្តល់ដល់អ៊ុយក្រែន ដែលមិនយកចិត្តទុកដាក់លើជំហររបស់ទីក្រុងមូស្គូ នឹងមិនចេញជាលទ្ធផលនោះទេ។ ប្រមុខការទូតរុស្ស៊ីក៏បានព្រមានថា អង្គការណាតូយល់យ៉ាងច្បាស់លាស់បំផុតថា ពិភាក្សាម៉ឺងម៉ាត់អំពីការធានាសន្តិសុខដោយគ្មានរុស្ស៊ីគឺជាការស្រមើស្រមៃ។ នេះគឺជាផ្លូវដែលនឹងមិននាំឲ្យចេញជាលទ្ធផលនោះឡើយ។ ប្រមុខការទូតរុស្ស៊ីបានប្រាប់ឲ្យដឹងចេញពីការសន្ទនាជាមួយសមភាគីហ្សកដានីរបស់លោកនៅទីក្រុងមូស្គូថា យើងមិនអាចទទួលយល់ព្រមថា បញ្ហាសន្តិសុខរួមនានាអាចនឹងលើកឡើងដោយគ្មានរុស្ស៊ី។
កាលពីថ្ងៃអង្គារទី១៩ ខែសីហា លោកដូណាល់ ត្រាំ បាននិយាយថាត្រៀមខ្លួន ដែលសហរដ្ឋអាម៉េរិកនាំមកនូវជំនួយខាងយោធាផ្លូវអាកាសក្នុងនាមជាការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីរួចហើយ ដោយមិនរាប់បញ្ចូលទាហានថ្មើជើង ឬបេសកកម្មដែលនាំមកប្រតិបត្តិការដោយក្រុមសម្ព័ន្ធមិត្តនោះឡើយ។ កាលពីថ្ងៃចន្ទ លោកបានទទួលជួបសមភាគីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុបជាច្រើនដែលមកគាំទ្រលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។
នៅលើបណ្តាញសារព័ត៌មាន ហ្វ៉កញូ Fox News ប្រធានាធិបតីអាម៉េរិក បានថ្លែងថា ៖ ”ពួកគេអឺរ៉ុបត្រៀមខ្លួននឹងបញ្ជូនកងកម្លាំងទៅកាន់សមរភូមិ។” លោកថ្លែងដោយធ្វើយោងលើមេដឹកនាំបារាំង អាឡឺម៉ង់ និងអង់គ្លេស ដែលលោកបានទទួលមុនមួយថ្ងៃក្នុងវិមានពងក្រពើ។ អ្នកនាំពាក្យសេតវិមាន លោកស្រីការ៉ូលីន លីវីត បានសង្កត់ធ្ងន់ថា ប្រធានាធិបតីអាម៉េរិក ក៏បាននិយាយត្រៀមជួយអ៊ុយក្រែន ប៉ុន្តែអះអាងថា នឹងមិនមានកងកម្លាំងទាហានអាម៉េរិកលើទឹកដីអ៊ុយក្រែនទេ។ លោកស្រីបញ្ជាក់ថា ជំនួយខាងទ័ពអាកាសគឺមានលទ្ធភាពខ្ពស់ដែលអាចទៅរួច។
បន្ទាប់ពីប្រទេសស្វីស ប្រទេសអូទ្រីស កាលពីថ្ងៃទី១៩ ខែសីហា ក៏បាននិយាយថាត្រៀមខ្លួន ទទួលប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ទោះបីមានដីកាឃាត់ខ្លួនពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (CPI) ដែលសំដៅលើរូបលោក សម្រាប់កិច្ចប្រជុំកំពូលជាមួយសមភាគីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី។ នៅក្នុងសេចក្តីប្រកាសមួយដែលផ្សព្វផ្សាយ លោកអធិការបតីអូទ្រីស គ្រីស្ទាន ស្តុកឃើ បានថ្លែងប្រាប់ថា ប្រសិនបើកិច្ចចរចាមានធ្វើនៅទីក្រុងវីយ៉េន យើងនឹងធ្វើទំនាក់ទំនងជាមួយ CPI ដើម្បីធ្វើឲ្យច្បាស់នូវបញ្ហានេះ និងអនុញ្ញាតឲ្យប្រធានាធិបតីវ្លាឌីមៀ ពូទីន មកចួលរួម។
Daily Program
