ទិវាអក្ខរកម្មជាតិឆ្នាំនេះ ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤

ឆ្នាំ២០២៥ កម្ពុជាកំណត់យកប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល”ដែលជាប្រធានបទដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្មនិងការជំរុញគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធីអក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ចនិងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។

ក្នុងសារលិខិតដើម្បីអបអរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៥ ដែលបង្ហោះក្នុងបណ្ដាញសង្គម នាព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ប្រធានបទនេះ ក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ពោលគឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកថា «ដូចនេះហើយ យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់កម្មវិធីអក្ខរកម្ម ជាពិសេសអក្ខរកម្មឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ក្នុងគោលដៅស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព ភាពជឿទុកចិត្ត និងមានភាពត្រឹមត្រូវ។ សម្រាប់ពេលអនាគត ការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាំបាច់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅបង្កើនផលិតភាព ការប្រកួតប្រជែង ប្រសិទ្ធភាពសេដ្ឋកិច្ច និងកសាងសង្គមទំនើប»។

នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្ដរជាតិជាកត្តាដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី ព្រមទាំងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជននិងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្ដុះនូវមនសិការពលរដ្ឋល្អ និងស្មារតីស្នេហាជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការអប់រំ ការសិក្សាមុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្ដុះបណ្ដាលជំនាញសតវត្សរ៍ទី២១ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។ 

ក្នុងការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំនិងអក្ខរកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ការអនុវត្តកម្មវិធីសិក្សាផ្ដោតលើវិទ្យាសាស្តនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រកុំព្យូទ័រ បញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បណ្ដាញសាកលវិទ្យាល័យសាយប័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងសាកលវិទ្យាល័យ សាលាឌីជីថល ថ្នាលអប់រំ សម្រាប់គាំទ្រដល់ការបង្រៀននិងរៀន និងការដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយចំនួនសម្រាប់ការងារគ្រប់គ្រង៕

 

Daily Program

Livesteam thumbnail