តៃស្ហ៉ូ តេនណូ ព្រះចៅអធិរាជនៃសម័យកាលសេរីនិយមនៅជប៉ុន
អធិរាជតៃស្ហ៉ូ តេនណូ ប្រសូតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៨៧៩ នៅទីក្រុងតូក្យូ និងសោយ ទីវង្គតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៦ នៅទីក្រុងហាយ៉ាម៉ា។ ឈ្មោះផ្ទាល់ខ្លួនរបស់ព្រះអង្គត្រូវ បានស្គាល់នៅលោកខាងលិច គឺយ៉ូស្ហ៊ីហ៊ីតូ។ ព្រះអង្គគឺជាអធិរាជទី១២៣ នៃចក្រភពជប៉ុន។ ព្រះអង្គសោយរាជពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩១២ រហូតដល់ថ្ងៃចូលទីវង្គត់។
នាមព្រះអង្គជាព្រះអង្គម្ចាស់ គឺ ហារុ ណូ មីយ៉ា។
យោងតាមប្រពៃណីចក្រពត្តិជប៉ុនចាប់តាំងពីឆ្នាំ១៨៦៨ ព្រះអង្គបានទទួលនាមមរណនាមដូចនឹងឈ្មោះយុគសម័យនៃការគ្រងរាជ្យរបស់ព្រះអង្គ។
ព្រះអង្គតៃស្ហ៉ូ តេនណូ គឺជាបុត្រទី៣ របស់ព្រះចៅអធិរាជម៉ីជី ជាមួយនឹងព្រះនាង យ៉ាណាហ្គីហារ៉ា ណារូកូ។ ព្រះអង្គតៃស្ហ៉ូ តេនណូ ក៏ជាបិតារបស់ព្រះអង្គស្ហ៉ូវ៉ា។ ព្រះអង្គតៃស្ហ៉ូ តេនណូ ទទួលការសិក្សាតាមស្ទីលរបស់លោកខាងលិចនៅសកលវិទ្យាល័យ ហ្គាគូស្ហ៊ូអ៊ីន។ ព្រះអង្គតៃស្ហ៉ូ តេនណូ បានរៀបអភិសេកជាមួយព្រះនាង សាដាកូ ដែលជាបុត្រីរបស់ព្រះអង្គម្ចាស់ មីជីតាកា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩០០។ ព្រះអង្គតៃស្ហ៉ូ តេនណូ មានបុត្រ ៤អង្គ។
គឺព្រះអង្គម្ចាស់ មីជី ជាព្រះចៅជប៉ុនបន្ទាប់ នាម ស្ហ៉ូវ៉ា ហីរ៉ូហ៊ីតូ។ ព្រះអង្គម្ចាស់ ជីជីប៊ូ។ ព្រះអង្គម្ចាស់ តាកាម៉ាតស៊ូ និងព្រះអង្គម្ចាស់ មីកាសា។
ព្រះអង្គតៃស្ហ៉ូ តេនណូ គឺជាអធិរាជទី១២៣ របស់ជប៉ុន នៅឆ្នាំ១៨១២ និងប្រកាសអំពីយុគសម័យតៃស្ហ៉ូរបស់ព្រះអង្គ។
ដោយសារបញ្ហាសុខភាពរបស់ព្រះចៅតៃស្ហ៉ូ តេនណូ ចាប់តាំងពីឆ្នាំ១៨២១ ព្រះអង្គម្ចាស់ហ៊ីរ៉ូហ៊ីតូ បានកាន់រាជ្យកិច្ចជំនួសព្រះអង្គ។
សម័យកាលគ្រងរាជ្យរបស់ព្រះអង្គតៃស្ហ៉ូ តេនណូ ត្រូវបានកំណត់លក្ខណៈដោយារការពង្រឹងចក្រពត្តិជប៉ុន និងនយោបាយខាងក្នុងដែលអនុវត្តគោលការណ៍សេរី។ នៅឆ្នាំ១៩១៩ ព្រះអង្គតៃស្ហ៉ូ តេនណូ បានចុះហត្ថលេខាលើច្បាប់កំណែទម្រង់រដ្ឋ និងនៅខែមីនា ឆ្នាំ១៩២៥ បានទទួលយកគោលការណ៍នៃការបោះឆ្នោតសកលនៅជប៉ុន។
នៅក្នុងយុគសម័យតៃស្ហ៉ូ ប្រទេសជប៉ុន បានជួបនូវការរីកចម្រើនយ៉ាងខ្លាំងខាងឧស្សាហកម្ម ប៉ុន្តែត្រូវបានកត់សម្គាល់ផងដែរដោយព្រឹត្តិការណ៍សោកនាដកម្មជាច្រើន ដូចជា សង្រ្គាមលោកលើកទី១ ការបះបោរដ៏អាក្រក់នៅកូរ៉េ និងមហន្តរាយគ្រោះរញ្ជួយដីនៅខែកញ្ញា ឆ្នាំ១៩២៣ ដែលបានប៉ះពាល់ដល់តំបន់កាន់តូទាំងមូល និងបំផ្លាញទីក្រុងតូក្យូស្ទើតែទាំងស្រុង។
ព្រះអង្គតៃស្ហ៉ូ តេនណូ បានសោយទីវង្គតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៦ ដោយជំងឺគាំងបេះដូង នៅប្រាសាទ ហាយ៉ាម៉ា ហើយគឺបុត្ររបស់ព្រះអង្គ គឺព្រះអង្គហ៊ីរ៉ូហ៊ីតូ ដែលស្នងបន្តរាជ្យជាផ្លូវការ និងក្លាយជាអធិរាជទី១២៤ របស់ជប៉ុន។
ចំណែកព្រះអង្គយ៉ូស៊ីហ៊ីតូ ត្រូវបានហៅដោយឈ្មោះនៃយុគសម័យកាល គឺ តៃស្ហ៊ូ ដែលមានន័យថា យុត្តិធម៌ដ៏មហិមា។
យុគសម័យតៃស្ហ៉ូ យុគសម័យនៃយុត្តិធម៌ដ៏ធំ គឺជាយុគសម័យនៅជប៉ុនដែលចាប់ផ្តើមពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩១២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩២៦។ សុខភាពទន់ខ្សោយរបស់ព្រះចៅអធិរាជ ផ្តល់វិបាកជាការផ្លាស់ប្តូរអំណាចនយោបាយពីក្រុមមហាសេដ្ឋីចាស់ៗ ដែលរួមមានអ្នកនយោបាយបាយជើងចាស់ៗ ទៅកាន់សភាជប៉ុន និងគណបក្សប្រជាធិបតេយ្យ។ យុគសម័យនេះ ក៏ត្រូវបានចាត់ទុកជាសម័យកាលនៃចលនាសេរីដែលស្គាល់ក្រោមឈ្មោះ ប្រជាធិបតេយ្យតៃស្ហ៉ូនៅជប៉ុន។ នេះគឺជាភាពខុសគ្នានៅចន្លោះពីយុគសម័យមុនម៉ីជី និងផ្នែកដំបូងគឺសម័យកាលយោធានិយមនៃយុគសម័យស្ហ៉ូវ៉ា ដែលបន្តក្រោយមក។