តើគ្រីស្តបរិស័ទបង្ហាញវត្តមានរបស់ព្រះយេស៊ូដល់មនុស្សនៅជុំវិញខ្លួនដោយរបៀបណា?
បកស្រាយដោយលោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស័រ៖
គ្រីស្តបរិស័ទយើងជឿលើសក្ខីភាពរបស់ក្រុមគ្រីស្តទូតដែលជាសាវ័ករបស់ព្រះយេស៊ូ ដែលបានជួប បានឃើញ និងបានប៉ះព្រះយេស៊ូផ្ទាល់នឹងដៃរបស់ពួកគេ។ ហើយក្រុមគ្រីស្តទូតបានរួមរស់ជាមួយព្រះយេស៊ូនៅលើផែនដីនេះ អស់រយៈពេលប្រហែលជា៣ឆ្នាំ បន្ទាប់មកពួកគេក៏បានឃើញព្រះយេស៊ូសោយទិវង្គតនៅលើឈើឆ្កាង និងបីថ្ងៃក្រោយមកពួកគេមានពិសោធថា ព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់ ដោយរស់ឡើងវិញ និងនៅជាមួយពួកគេ។ អស់រយៈពេលច្រើនថ្ងៃ ពួកគេបានដកបទពិសោធនៅជាមួយព្រះយេស៊ូ។ ក្រុមគ្រីស្តទូតក៏បានផ្តល់សក្ខីភាពអំពីព្រះអង្គទៅអ្នកដទៃ អំពីវត្តមានដ៏ពិតប្រាដកនៃវត្តមានរបស់ព្រះយេស៊ូគង់នៅ ទោះបីព្រះអង្គយាងឡើងស្ថានបរមសុខរួមជាមួយព្រះបិតាហើយក៏ដោយ។ ដូច្នេះហើយ យើងជាគ្រីស្តបរិស័ទក៏អាចដកពិសោធអំពីព្រះយេស៊ូ ដូចក្រុមគ្រីស្តទូតដែរ ដោយជឿជាក់យ៉ាងច្បាស់ថាពិតណាស់ ព្រះយេស៊ូមានវត្តមាននៅលើលោកនេះពិតមែន។
ដូច្នេះដំបូងយើងជឿសក្ខីភាពរបស់អ្នកដទៃ និងអ្នកជឿទាំងអស់នៅក្នុងពិភពលោក បន្ទាប់មកទៀតយើងត្រូវដកពិសោធផ្ទាល់ខ្លួន និងមានជំនឿយ៉ាងមុតមាំថា ពិតមែនព្រះយេស៊ូគង់នៅជាមួយយើងទាំងអស់គ្នា។ ហេតុនេះហើយ យើងត្រូវរួមគ្នាដើម្បីអធិដ្ឋាន ដោយចូលរួមក្នុងសកម្មភាពរបស់ព្រះសហគមន៍ ទទួលអគ្គសញ្ញាជ្រមុជទឹក ទទួលព្រះកាយព្រះគ្រីស្ត ទទួលអគ្គសញ្ញាលើកលែងទោស និងប្រព្រឹត្តអំពើល្អ។ ព្រោះថាកិច្ចការទាំងនេះ នឹងជួយយើងឲ្យបានជួបព្រះយេស៊ូពិតមែន ទោះបីយើងមើលព្រះអង្គមិនឃើញ និងប៉ះព្រះអង្គមិនបាន។ ម្យ៉ាងគ្រីស្តបរិស័ទយើងបង្ហាញវត្តមានរបស់ព្រះយេស៊ូទៅអ្នកដទៃ ដោយធ្វើកិច្ចការណាដែលគាប់ព្រះហឫទ័យរបស់ព្រះអង្គ ដោយរួមជាមួយគ្នានៅក្នុងព្រះសហគមន៍ ហើយចេះលើកលែងទោសឲ្យបងប្អូនដែលបានប្រព្រឹត្តខុសនឹងយើង។ ដោយសារព្រះយេស៊ូ យើងធ្វើតែអំពើល្អដាក់អ្នកដទៃ ទោះបីគេមិនបានប្រព្រឹត្តអំពើល្អលើយើងក៏ដោយ។ យើងចែកទានតាមលទ្ធភាព និងចុះសួរសុខទុក្ខបងប្អូន។ កិច្ចការទាំាងអស់នេះហើយ គឺជាការបង្ហាញវត្តរបស់ព្រះយេស៊ូទៅបងប្អូន ដែលនេះគឺជាកិច្ចការដែលព្រះអង្គបានធ្វើ ខណៈទ្រង់មានព្រះវត្តមាននៅលើផែនដីនេះ។ យើងដឹងហើយថា ព្រះយេស៊ូបានចុះសួរសុខទុក្ខអ្នកជំងឺ ជួយអ្នកក្រីក្រ ព្យាយាមអធិដ្ឋាន និងបង្កើតព្រះសហគមន៍ មានក្រុមសាវ័ករួមជាមួយព្រះយេស៊ូ។ល។
ហេតុដូច្នេះ មានកត្តាមួយចំនួនបញ្ជាក់សេចក្តីនេះគឺថា មនុស្សទាំងអស់មានសេរីភាព ជឿ ឬមិនជឿលើព្រះយេស៊ូ។ ប៉ុន្តែ សន្តអូគូស្ទីនបាននិយាយថា មានពន្លឺគ្រប់គ្រាន់ល្មមហើយ សម្រាប់អស់អ្នកដែលចង់ជឿ និងអស់អ្នកដែលមិនព្រមជឿលើព្រះយេស៊ូ។ មានន័យថាអ្នកចង់ជឿគេមានពន្លឺហើយ គេបានឃើញពីរបៀបរស់នៅរបស់គ្រីស្តបរិស័ទ និងកិច្ចការល្អៗជាច្រើនដែលក្រុមនេះបានធ្វើ។ តែសម្រាប់អ្នកមិនជឿ ទោះបីគេបានឃើញកិច្ចល្អៗរបស់គ្រីស្តបរិស័ទបានធ្វើ គេនៅតែមិនជឿ វាគឺជាសេរីភាពរបស់គេផ្ទាល់ខ្លួន។ សរុបមក យើងចង់បង្ហាញពីវត្តមានរបស់ព្រះយេស៊ូទៅមនុស្សនៅជុំវិញខ្លួន តាមការរស់នៅប្រចាំថ្ងៃរបស់យើង៕
វាយអត្ថបទដោយ ឆាក លាំង