តុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចថា លោក គ្រី ម៉ះផល គ្មានទោសក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកទេ
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃនិងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានតុលាការរដ្ឋហ្លរីដា សហរដ្ឋអាមេរិក សម្រេចកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿងសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅ សហរដ្ឋអាមេរិកនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកប្រើអំណាចចាប់ខ្លួននៅឯអាកាស យានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្ដីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។
ការចាប់ខ្លួនដោយអយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក បានធ្វើឱ្យលោក គី្រ ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។
ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូនដល់មន្ត្រីរបស់ខ្លួន។
ក្រសួងកសិកម្ម បានលើកឡើងថា ៖ «នៅក្នុងសំណុំ រឿងរបស់លោក គី ប៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណងគោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌»។
ប្រភពដដែលបន្តថា ៖ «ប៉ុន្តែក្រសួងបានធ្វើការយ៉ាង ជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្ដីប្រឆាំងនឹងរដ្ឋអាជ្ញាព្រមទាំងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលចោទ ប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាងដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវ លាក់បាំងពីអាជ្ញាធរ កម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន»។
ជារួម ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាង ត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណមតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។
មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង អនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្ដងហើយម្ដងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថាឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញសត្វស្វាក្តាមនេះនៅតែបន្តកើតមាន។
ក្រសួងកសិកម្មបញ្ជាក់ថា ៖ «ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ប៉ះផល។ នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន»។
ក្រសួងក៏បានសាទរចំពោះលោក គី្រ ម៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក។ ជាមួយគ្នានេះ ក្រសួងក៏បានថ្កោលទោសចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិនិងសត្វព្រៃអាមេរិក ដែលរំលោភ អំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។
ចំណែកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្រ្តី ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំពានបានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ៕