ជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា–ថៃ៖ ជួបប្រជុំលេខាធិការព្រំដែនថ្នាក់យោធភូមិភាគ ដើម្បីត្រៀមកិច្ចប្រជុំធំខាងមុខ

ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពីកិច្ចប្រជុំរបស់ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) ដែលបានប្រព្រឹត្តទៅរវាង យោធភូមិភាគទី៤ ភាគីកម្ពុជា និង កងទ័ពភូមិភាគទី២ ភាគីថៃ។ កិច្ចប្រជុំនេះបានប្រារព្ធនៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា–ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះបានប្រារព្ធឡើងតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយោធភូមិភាគទី៤ ភាគីកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Coordination Group) របស់ភាគីទាំងពីរ
២. ការបន្តប្តេជ្ញាផ្ដល់ជំនួយដើម្បីកាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែន
៣. ការរៀបចំការងារត្រៀមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី ១៥ ដល់ ១៧ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះ។

ការជួបប្រជុំនេះ គឺជាការអនុវត្តជាក់ស្តែងនៃស្មារតី និងការណែនាំរបស់ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ហើយក៏ជាការបន្តតាមលទ្ធផលនៃ កិច្ចប្រជុំវិសាមញ្ញលើកទី១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅផងដែរ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព និងពេញលេញជាងមុន រវាងកម្ពុជានិងថៃ ព្រមទាំងស្វែងរកវិធីសាស្រ្តសហប្រតិបត្តិការជាក់ស្តែងក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅប្រក្រតីភាពនៅតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំងពីរ។

Daily Program

Livesteam thumbnail