គ្រោះអគ្គីភ័យមាន២២ករណី ក្នុង៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
មន្រ្តីអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា ករណីគ្រោះអគ្គិភ័យបានកើតឡើងទូទាំងប្រទេសនៅក្នុងអំឡុងនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃកន្លងទៅនេះ មានចំនួន ២២ករណី ក្នុងនោះបណ្តាលឱ្យឆេះផ្ទះ ១៦ខ្នង, ឃ្លាំង ២, រោង ១, កាស៊ីណូ ១ និងចំការ ១។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ មានគ្រោះអគ្គិភ័យចំនួន៦ករណី ឆេះផ្ទះចំនួន៤ខ្នង និងឃ្លាំងចំនួន១។ ចំណែកថ្ងៃទី១៤ ខែមេសាដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន៧ករណី ដែលធ្វើឱ្យឆេះផ្ទះចំនួន៤ខ្នង រោង១ និងកាស៊ីណូមួយ។
លោក ទូច សុខៈ បានបន្តថា ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា មានគ្រោះអគ្គិភ័យកើតឡើងចំនួន៣ករណី ដែលបណ្តាលឱ្យឆេះផ្ទះចំនួន៣ខ្នង។ រីឯថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៦ ខែមេសា មានករណីអគ្គិភ័យចំនួន៦ករណី បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ឃ្លាំង១ និងចំការមួយ។
លោកបានថ្លែងថា ៖ «យើងឃើញថាទោះបីជាអាកាសធាតុក្តៅខ្លាំងយ៉ាងណាក៏ដោយ ករណីគ្រោះអគ្គិភ័យនេះ គឺកើតឡើងមិនគួរឱ្យកត់សម្គាល់ មិនគួរឱ្យព្រួយបារម្ភហួស ពីអ្វីដែលយើងគ្រប់គ្រងបានឡើយ គឺយើងគ្រប់គ្រងបាន ហើយចំនួននេះក៏មិនច្រើនដែរ»។
អ្នកនាំពាក្យរងដដែលរូបនេះ បានបន្តថា ទាំងនេះសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋបានឈ្វេងយល់ពីការគ្រប់គ្រង ការបង្ការគ្រោះអគ្គិភ័យ ពោលគឺសម្តែងនូវការប្រុងប្រយ័ត្ន និងទប់ស្កាត់ទាំងអស់គ្នាបានយ៉ាងល្អប្រសើរ។
ចំណែកមន្រ្តីសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យក៏បានពង្រាយនូវកម្លាំងជំនាញ មានផែនការគត់ម៉ត់ និងអនុវត្តទៅតាមផែនការនៅពេលដែលមានគ្រោះអគ្គិភ័យកើតឡើង ចូលទៅអន្តរាគមន៍ទាន់ពេល ទាន់វេលាគួរឱ្យកត់សម្គាល់ និងគួរឱ្យកោតសរសើរទៅលើការងារប្រកបដោយការទទួលខុសត្រូវ៕